ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជំរុញយុទ្ធសាស្ត្រ «ដំណោះស្រាយដោយខ្មែរ» ដើម្បីពង្រឹងភាពធន់សេដ្ឋកិច្ច និងអធិបតេយ្យជាតិ
 
ចែករំលែក ៖

ក្នុងពិធីបិទសិក្ខាសាលាស្តីពី “ភាពធន់ និងកាលានុវត្តភាព នៃយុទ្ធសាស្ត្រវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្ម៖ ការរក្សាលំនឹងក្នុងកាលៈទេសៈនៃសង្រ្គាមឈ្លានពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា” នៅវិមានរដ្ឋសភាជាតិ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា បានដាក់ចេញនូវទស្សនទាន «ដំណោះស្រាយដោយខ្មែរ» (Khmer Solutions) ដើម្បីពង្រឹងភាពម្ចាស់ការលើសេដ្ឋកិច្ចជាតិ ក្នុងបរិបទនៃវិបត្តិសកល និងបញ្ហាប្រឈមក្នុងតំបន់។

ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា សន្តិភាពគឺជាគ្រឹះនៃវិបុលភាព។ ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ឯកឧត្តមគាំទ្រការដោះស្រាយតាមផ្លូវច្បាប់ និងការចរចា ជៀសវាងការប្រើកម្លាំងយោធា។ ទន្ទឹមនឹងនេះ ឯកឧត្តមបានជំរុញយុទ្ធសាស្ត្រ «ខ្មែរដាំ ខ្មែរកែច្នៃ ខ្មែរហូប ខ្មែរលក់» ដោយចាត់ទុកស្ថានភាពបច្ចុប្បន្នជា «ឱកាសមាស» ក្នុងការលើកកម្ពស់ផលិតផល “Made in Cambodia” និងពង្រឹងសមត្ថភាពសហគ្រាសក្នុងស្រុក (MSMEs) តាមរយៈបច្ចេកវិទ្យា AI និងរ៉ូបូទិក។

ដើម្បីសម្រេចចក្ខុវិស័យនេះ ឯកឧត្តមបានដាក់ចេញនូវការអំពាវនាវសំខាន់ៗចំនួន ៥ ចំណុច៖
១. គាំទ្រ MSMEs៖ តាមរយៈយន្តការហិរញ្ញវត្ថុ ពន្ធ និងបច្ចេកវិទ្យា កែច្នៃវេចខ្ចប់។
២. បង្កើនផលិតភាព៖ ប្រើប្រាស់ធនធានដីធ្លីឱ្យអស់លទ្ធភាព និងពង្រីកសម្ព័ន្ធភាពអាជីវកម្ម ជាមួយប្រទេសយុទ្ធសាស្រ្ត។
៣. វិនិយោគការស្រាវជ្រាវ៖ បង្កើនកញ្ចប់ថវិកាស្រាវជ្រាវដល់គ្រឹះស្ថានឧត្តមសិក្សា។
៤. រួមកម្លាំងស្ថាប័នអប់រំ៖ ជំរុញកិច្ចសហការរវាងសាលាដែលមានស្រាប់ ជាជាងបង្កើតថ្មីស្ទួនគ្នា។
៥. ពង្រឹងភាសាអង់គ្លេស៖ ជំរុញសមត្ថភាពភាសាប្រជាជនខ្មែរឱ្យបានខ្ពស់ (ប្រហែលហ្វីលីពីន) នៅឆ្នាំ២០៥០។

ជាទីបញ្ចប់ ឯកឧត្តមបានរំលឹកដល់សមាជិកសភា និងព្រឹទ្ធសភា ឱ្យបន្តចុះតាមដានសុខទុក្ខ និងដោះស្រាយបញ្ហាជូនប្រជាជននៅមូលដ្ឋាន ស្របតាមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន៕

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ