ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦
 
ចែករំលែក ៖

នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខុទ្ទកាល័យថ្នាក់ដឹកនាំព្រឹទ្ធសភា និងថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីអនុប្រធាននាយកដ្ឋានឡើង។
មុននឹងដំណើរការកិច្ចប្រជុំ អង្គពិធីបានគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិតដើម្បីបុព្វហេតុការពារជាតិមាតុភូមិ។
ក្រោយពីការឡើងធ្វើបទបង្ហាញ អំពីលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់ឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គនាយិកា នៃអគ្គនាយកដ្ឋានទាំង៥ ឯកឧត្តមឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានគួរជាទីកត់សម្គាល់ របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សម្រាប់ការគាំទ្រ និងរួមចំណែកលើកកម្ពស់តួនាទីរបស់ព្រឹទ្ធសភា ដែលបានក្លាយជាមជ្ឈមណ្ឌលនៃកិច្ចការនយោបាយ ការទូត និងសហប្រតិបត្តិការអន្តរជាតិ និងការសម្រេចចិត្តលើបញ្ហាធំៗមួយចំនួន របស់ជាតិ ។
ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានលើកឡើងនូវបញ្ហាប្រឈមនានា និងសំណូមពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីអគ្គលេខាធិការដ្ឋាន បន្តលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារ តាមរយៈការពង្រឹងស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ជាពិសេសពង្រឹងកិច្ចសហការ និងការសម្របសម្រួលបន្ថែមជាមួយអង្គភាពផ្ទៃក្នុង និងជាមួយក្រសួង-ស្ថាប័ន នានា ។ ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គលេខាធិការ បានដាក់ចេញផែនការសំខាន់ៗនៅក្នុងឆ្នាំ២០២៦នេះ រួមមាន ការពិនិត្យឡើងវិញនូវការប្រព្រឹត្តទៅនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ការបន្តដោះស្រាយនិងបំពេញតម្រូវការផ្សេងៗរបស់ស្ថាប័ន ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការរៀបចំសូចនាករដែលអាចវាស់វែង និងវាយតម្លៃបាន ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០២៧-២០៣០។
ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការគោរពដឹងគុណជាទីបំផុត ជូនចំពោះវីរកងទ័ពជួរមុខកម្ពុជាដ៏អង់អាចក្លាហាន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងការការពារបូរណភាពទឹកដីជូនជាតិ មាតុភូមិ និងវីរភាពរបស់ថ្នាក់ដឹកនាំកម្ពុជាប្រកបដោយគិតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ ខិតខំថែរក្សានូវសុខសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា។  
ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបាន ក្រោមការដឹកនាំរបស់ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានកំណត់ការងារអាទិភាពចម្បងចំនួន២ គឺការលើកកម្ពស់ការទូតសភា និងការផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត និងអាជ្ញាធរមូលដ្ឋានជាពិសេសការចូលរួមចំណែកគាំទ្ររាជរដ្ឋាភិបាល តស៊ូប្រឆាំងនឹងការឈ្លានពានពីភាគីថៃ។
ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានសង្កត់ធ្ងន់ថា យើងត្រូវបន្តលើកកម្ពស់សមត្ថភាពរបស់ខ្លួនជាប្រចាំ តាមរយៈការដុះខាត់ចំណេះដឹង ចំណេះធ្វើ និងចំណេះដឹងផ្នែកភាសាបរទេស។ ហើយការដែលមានសមត្ថភាពតែមួយមុខក៏ពុំទាន់គ្រប់គ្រាន់នោះដែរ គឺត្រូវមានស្មារតីខិតខំ តស៊ូ ព្យាយាម និងការទទួលខុសត្រូវចំពោះតួនាទី និងការងារដែលខ្លួនរ៉ាប់រង។ យើងម្នាក់ៗមានតួនាទីភារកិច្ចបម្រើជាតិមាតុភូមិនិងប្រជាជន ហើយការខិតខំប្រឹងប្រែងរបស់យើងក៏ជាការឆ្លុះបញ្ចាំងពីមនសិកាស្នេហាជាតិ ផងដែរ។
សម្រាប់ឆ្នាំ២០២៦នេះ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានណែនាំដល់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភានិងអង្គភាពពាក់ព័ន្ធ ពិនិត្យពិចារណាឡើងវិញក្នុងការកែលម្អរចនាសម្ព័ន្ធការងារ ដើម្បីឱ្យស្របនឹងសភាពការណ៍វិវត្តន៍និងទំហំការងារដែលមានការកើនឡើង និងចំពោះមុខត្រូវយកចិត្តទុកដាក់ក្នុងការចូលរួមរៀបចំកិច្ចប្រជុំអន្តរសភាសំខាន់ៗ ដែលកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះ ដូចជា កិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF) នៅខេត្តសៀមរាប, ការរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) និងការចូលរួមចំណែករបស់ព្រឹទ្ធសភានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។
នៅទីបញ្ចប់ ឯកឧត្តមប្រធានស្តីទី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រី បុគ្គលិកទាំងអស់ ដែលបានរួមសាមគ្គីគ្នាសម្រេចលទ្ធផលដ៏គួរឱ្យកត់សម្គាល់នាឆ្នាំកន្លងទៅ និងសូមបន្តលើកកម្ពស់ស្មារតីសាមគ្គី និងសហការគ្នា ដើម្បីសម្រេចទិសដៅការងារ និងលើកកម្ពស់កិត្យានុភាពស្ថាប័នឱ្យបានខ្ពង់ខ្ពស់បន្ថែមទៀត៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ