លោកជំទាវ ចឹក ហេង អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំវើនសៃ ឃុំកុកឡាក់ ឃុំប៉ាកាឡាន់ ឃុំភ្នំកុក ស្មៀន និងនាយប៉ុស្តិ៍នគរបាល នៃស្រុកវើនសៃ ខេត្តរតនគិរី
 
ចែករំលែក ៖

នាថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ វេលាព្រឹកស្ថិតនៅសាលាឃុំវើនសៃ និងពេលរសៀលស្ថិតនៅសាលាឃុំភ្នំកុក នៃស្រុកវើនសៃ លោកជំទាវ ចឹក ហេង សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាសមាជិកគណៈកម្មការទី៤ព្រឹទ្ធសភាអមដំណើរ ដោយ លោក  វ៉ាន់ សោភា អភិបាលរង នៃគណៈអភិបាលខេត្ត និងលោក ហេង សាវឿន អភិបាល នៃគណៈអភិបាលស្រុកវើនសៃ បានអញ្ជើញចុះជួបសួរសុខទុក្ខសំណេះសំណាល និងនាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភាទៅដល់ក្រុមប្រឹក្សាឃុំវើនសៃ ឃុំកុកឡាក់ ឃុំប៉ាកាឡាន់ ឃុំភ្នំកុក  ស្មៀន និងនាយប៉ុស្តិ៍នគរបាល នៃស្រុកវើនសៃ ខេត្តរតនគិរី។
នាឱកាសនោះ លោកជំទាវ បានជម្រាបជូនពីរចនាសម្ព័ន្ធដឹកនាំ តួនាទីភារកិច្ចគឺ៖ មុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង ជាពិសេសនៅក្នុងនីតិកាលទី៥នេះ សម្តេចតេជោប្រធានព្រឹទ្ធសភា បានផ្តោតអាទិភាពចម្បងសំខាន់ពីរទៀតគឺ ការលើកកម្ពស់ការទូតសភា និងការជួបប្រាស្រ័យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ព្រមទាំងសមិទ្ធផលការងារសំខាន់ៗ នាពេលកន្លងមករបស់ព្រឹទ្ធសភា និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ។ លោកជំទាវ បានលើកឡើងថាការអញ្ជើញមកទីនេះ គឺដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពរតាមមូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយជូនដល់មូលដ្ឋាន និងប្រជាពលរដ្ឋ។
បន្ទាប់ពីបានស្តាប់ពីបញ្ហាប្រឈមរបស់លោកមេឃុំ និងក្រុមប្រឹក្សាឃុំទាំង៤រួចមក លោកអភិបាលរងខេត្ត និងលោកអភិបាលស្រុក បានមានមតិស្រាយបំភ្លឺជូនដល់ក្រុមប្រឹក្សាឃុំ ដែលបានលើកឡើងយ៉ាងក្បោះក្បាយ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ បានសំណូមពរឱ្យក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្ដិ៍នគរបាល ខិតខំអនុវត្តន៍តាមសេវាតម្រូវការ និងសេវាសំណូមពររបស់ប្រជាពលរដ្ឋ និងជំរុញតាមដានចំពោះប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព បាត់ ឬខូចទ្រង់ទ្រាយដើម និងយុវជនគ្រប់អាយុត្រូវធ្វើនៅតាមមូលដ្ឋានបានកំណត់របស់ក្រសួងមហាផ្ទៃ ដើម្បីត្រៀមចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ និងសូមសមាជិកក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្ដិ៍នគរបាល ត្រូវបន្តរក្សាសាមគ្គីភាព ដើម្បីផ្ដល់សេវាសាធារណៈ និងការអនុវត្តន៍នៅមូលដ្ឋានឱ្យកាន់តែប្រសើរ ជាពិសេសត្រូវខិតខំដោះស្រាយទំនាស់ក្រៅប្រពន្ធតុលាការជូនប្រជាពលរដ្ឋ។
នាឱកាសនោះដែរ លោកជំទាវបានជូនបំពង់ទឹក និងថវិកាមួយចំនួនដល់ក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្ដិ៍នគរបាល។

ប្រភព៖ ការិយាល័យ​អមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ