កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារសុវត្ថិភាពពលរដ្ឋ និងកិត្យានុភាពជាតិ
 
ចែករំលែក ៖

​នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីបិទបទបង្ហាញស្តីពី «ការបោសសម្អាត និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅកម្ពុជា»។ ​ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់លើចំណុចគន្លឹះសំខាន់ៗដូចខាងក្រោម៖

​-  ត្រូវបញ្ជាក់ឱ្យច្បាស់ថា «ប្រជាជនកម្ពុជាមិនមែនជាឧក្រិដ្ឋជនទេ ប៉ុន្តែកម្ពុជាគឺជាប្រទេសរងគ្រោះ ដោយសារឧក្រិដ្ឋជនបរទេសបានលួចជ្រកកោនប្រើប្រាស់ទឹកដីកម្ពុជាធ្វើសកម្មភាពខុសច្បាប់»។

  • គិតចាប់ពីខែមិថុនា រហូតដល់ដើមឆ្នាំ២០២៦ សមត្ថកិច្ចបានបង្ក្រាបបទល្មើស Online Scams យ៉ាងហោចណាស់ ២០០ករណី នៅទីតាំងប្រមាណ ២ ៥០០កន្លែង។ ជាលទ្ធផល ជនបរទេសពាក់ព័ន្ធប្រមាណ ២១ម៉ឺននាក់ បានចាកចេញពីកម្ពុជា និង ៨ ០០០នាក់ ត្រូវបានបណ្តេញចេញតាមនីតិវិធីច្បាប់។
  • ​បទបង្ហាញនេះផ្តល់ទិន្នន័យសំខាន់សម្រាប់ព្រឹទ្ធសភា ក្នុងការពិនិត្យ និងផ្តល់យោបល់លើ «សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដើម្បីក្លាយជាអាវុធគតិយុត្តដ៏រឹងមាំក្នុងការផ្ដន្ទាទោសរាល់មេខ្លោង និងអ្នកពាក់ព័ន្ធ។

-អំពាវនាវឱ្យមានការបន្តពង្រឹងការអនុវត្តច្បាប់ កិច្ចសហប្រតិបត្តិការអន្តរជាតិ (ជាពិសេសជាមួយ FBI UNODC បណ្តាប្រទេសមេគង្គ-ឡាងឆាងLMC និងដៃគូអន្តរជាតិ) និងជំរុញការអប់រំផ្សព្វផ្សាយដល់ពលរដ្ឋឱ្យយល់ដឹងពីល្បិចកលបោកប្រាស់ ដែលវិវត្តលឿន និងថ្មីៗ។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្ត ឱ្យសមាជិកព្រឹទ្ធសភា និងរដ្ឋសភា យកចិត្តទុកដាក់បញ្ហាជីវភាពរស់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងជួយតាមដាន ផ្តល់ព័ត៌មានដល់អាជ្ញាធរដើម្បីបោសសម្អាតបទល្មើសឆបោកនេះ។ ​ក្រោមការដឹកនាំផ្ទាល់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី និងការគាំទ្រពីស្ថាប័ននីតិប្បញ្ញត្តិ កម្ពុជា នឹងទទួលបានជោគជ័យក្នុងការលុបបំបាត់បទល្មើសឆបោកបច្ចេកវិទ្យា ដើម្បីសុវត្ថិភាពពលរដ្ឋ និងកិត្យានុភាពជាតិ។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ