គណៈកម្មការទី៨ព្រឹទ្ធសភា និងក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយជូនសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ
 
ចែករំលែក ៖

គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) និងក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ និងជាប្រធានក្រុម បានអញ្ជើញចុះសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត និងកុមារ ព្រមទាំងនាំយកអំណោយជូនសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។

លោកជំទាវប្រធាន បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថ្នាក់ដឹកនាំព្រឹទ្ធសភា និងថ្លែងកោតសរសើរចំពោះសមាគមដែលខិតខំប្រឹងប្រែង និងអភិវឌ្ឍន៍ឱ្យមានការរីកចម្រើនជាលំដាប់ ជាពិសេសផ្តល់ការថែទាំ អាហារ ការស្នាក់នៅ និងបញ្ជូនកុមារទៅសាលារៀនយ៉ាងទៀងទាត់ បង្ហាត់បង្រៀនកុមារមានទម្លាប់រស់នៅល្អ មានវិន័យ និងសុជីវធម៌ ព្រមទាំងស្វះស្វែងចូលរួមក្នុងកិច្ចការសង្គមផ្សេងៗ។

លោកជំទាវប្រធាន បានបន្តថា កុមារគឺជាទំពាំងស្នងឫស្សីដែលចាំបាច់ត្រូវយកចិត្តទុកដាក់មើលថែទាំឱ្យបានល្អដ្បិតពួកគាត់គួរអាណិតណាស់ដែលគ្មានអាណាព្យាបាលមើលថែ ប៉ុន្តែជាបុណ្យកុសលល្អដែលមានសមាគមបានយកមកចិញ្ចឹមបីបាច់ថែរក្សា ផ្គត់ផ្គង់ការរៀនសូត្រ ផ្តល់ចំណីអាហារ កន្លែងស្នាក់នៅជាដើម ដែលសបញ្ជាក់នូវការរួមចំណែកជួយសង្គមយើងទាំងអស់គ្នា តាមរូបភាពផ្សេងៗក្នុងទិសដៅរក្សាសន្តិភាព និងការអភិវឌ្ឍជាតិឱ្យរីកចម្រើនទៅមុខជាលំដាប់។

លោកជំទាវប្រធាន បានណែនាំដល់ក្មួយៗ ចៅៗកុមារទាំងអស់ ត្រូវចេះថែទាំសុខភាពឱ្យបានល្អ ទម្លាប់ហូបស្អាត និងផឹកទឹកដាំឆ្អិន ហើយត្រូវចេះស្រឡាញ់ សាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក និងត្រូវចៀសឱ្យឆ្ងាយពីការសេពគប់មិត្តមិនល្អ ឬការប្រើប្រាស់គ្រឿងញៀន ហើយត្រូវខិតខំសិក្សារៀនសូត្រ ឱ្យពូកែ ដើម្បីអនាគតរុងរឿង ក្លាយជាពលរដ្ឋល្អ និងជាធនធានមនុស្សដ៏ឆ្នើមរបស់សង្គមជាតិ។

អំណោយដែលគណៈកម្មការទី៨ព្រឹទ្ធសភា និងក្រុមសមាជិកាព្រឹទ្ធសភា បានផ្តល់ជូនសម្រាប់សម្រាលជីវភាពរស់នៅប្រចាំថ្ងៃរបស់មណ្ឌលនៅពេលនេះរួមមាន៖ ១-ទឹកបរិសុទ្ធ ចំនួន៣០កេស ២-ទឹកក្រូច ចំនួន៥កេស ៣-ទឹកផ្លែឈើ ចំនួន៥កេស ៤-ផ្លែក្រូចក្រហម ចំនួន១០កស ៥-ផ្លែសារី ចំនួន៤កេស ៦-ថវិកាឧបត្តម្ភមណ្ឌលចំនួន១លានរៀល ៧-ថវិកាឧបត្ថម្ភកុមារក្នុងមណ្ឌល សរុបចំនួន ១៣៥នាក់ ក្នុង១នាក់ចំនួន១ម៉ឺនរៀល។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ