







នារសៀលថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា លោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងសហការី បានអញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់ ៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធលោកសាស្រ្តាចារ្យមហាបរិញ្ញា សៀង ថារិទ្ធ ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១:០៣នាទី រំលងអធ្រាត្រ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយជរាពាធ នៅគេហដ្ឋានស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងពេលវេលាដោយក្ដីសោកសៅនេះ ឯកឧត្តមបណ្ឌិត បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងក្ដីអាឡោះអាល័យជាមួយភរិយានៃសព និងក្រុមគ្រួសារ ចំពោះការបាត់បង់ឧត្តមស្វាមី ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ។ មរណភាពរបស់លោកសាស្រ្តាចារ្យមហាបរិញ្ញា គឺជាការបាត់បង់នូវធនធានមនុស្សមួយរូបដ៏ឆ្នើម ដែលតែងតែលះបង់កម្លាំងកាយចិត្ត ចំណេះដឹង ពេលវេលា និងការបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យសុខាភិបាល ដើម្បីរួមចំណែកបម្រើសុខភាពប្រជាជន និងប្រទេសជាតិ។ នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកសាស្រ្តាចារ្យមហាបរិញ្ញា សៀង ថារិទ្ធ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន