ប្រជាពលរដ្ឋស្រុកស្រីសន្ធរ ទទួលបានការពិនិត្យព្យាបាលជំងឺឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង Laboratoire Bioderma ដឹកនាំដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២
 
ចែករំលែក ៖

នាថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ជឹម លាវ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានដឹកនាំសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃក្រុមហ៊ុន Laboratoire Bioderma មកពីប្រទេសបារាំង ចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ និងកុមារ ដោយឥតគិតថ្លៃ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម ជឹម លាវ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី, ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និង ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលដឹកនាំដោយលោក ហ្វីលីព ដែលបានលះបង់កម្លាំងកាយចិត្ត និងថវិកា នាំយកឱសថមានគុណភាពខ្ពស់ពីប្រទេសបារាំង មកជួយសង្គ្រោះប្រជាពលរដ្ឋដោយផ្ទាល់។

ឯកឧត្តម ជឹម លាវ បានបញ្ជាក់ថា សុខុមាលភាពសាធារណៈ គឺជាកត្តាគន្លឹះ ដោយឯកឧត្តមបានប្រៀបប្រដូចប្រជាពលរដ្ឋម្នាក់ៗទៅនឹងកោសិកានៃសង្គមជាតិ។ លើសពីនេះ កាលណាប្រជាពលរដ្ឋមានសុខភាពល្អមាំមួន នោះនឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានជម្រាបជូនអំពីផែនការសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់ ដោយក្រោយពីបញ្ចប់បេសកកម្មនៅស្រុកស្រីសន្ធរនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនឹងបន្តដំណើរទៅកាន់តំបន់ព្រំដែន ដើម្បីពិនិត្យព្យាបាលជូនជនភៀសខ្លួន និងសួរសុខទុក្ខកងកម្លាំងដែលកំពុងឈរជើងការពារបូរណភាពទឹកដី។ ក្នុងស្មារតីនេះ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តបង្ហាញសាមគ្គីភាព និងការគាំទ្រយ៉ាងមុតមាំចំពោះកិច្ចការការពារបន្ទាត់ព្រំដែន។

សកម្មភាពមនុស្សធម៌នាឱកាសនេះ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំព្រឹទ្ធសភា ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ