ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា កោតសរសើរក្រុមប្រឹក្សាឃុំពាម ដែលមានសមាជិកជាស្រ្ដី និងយុវជន ក្នុងអត្រាខ្ពស់
 
ចែករំលែក ៖

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា អមដំណើរដោយឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំខេត្ត តំណាងស្ថានទូតឡាវ វៀតណាម ជប៉ុន បានចុះសួរសុខទុក្ខប្រជាជន និងសមាជិកក្រុមប្រឹក្សាឃុំពាម ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដោយនាំមកជាមួយនូវពូជដំណាំ សម្ភារៈ ថវិកា និងការនឹករលឹកពីព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងសម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះបងប្អូនជនរួមជាតិ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានកោតសរសើរក្រុមប្រឹក្សាឃុំពាម ដែលមានសមាជិកជាស្រ្ដី និងយុវជន ក្នុងអត្រាខ្ពស់ (ស្រ្ដី ២រូប និងយុវជន ២រូប ក្នុងចំណោមសមាជិកសរុប ៧រូប)។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានអំពាវនាវ ឱ្យគ្រប់គណបក្សនយោបាយគួរដាក់ស្រ្ដី និងយុវជន ឱ្យបានច្រើនក្នុងបញ្ជីបោះឆ្នោតពេញសិទ្ធិ ដោយឈរក្នុងលេខរៀងដែលអាចជាប់ឆ្នោតបានក្នុងការបោះឆ្នោតឃុំ-សង្កាត់ នៅឆ្នាំ២០២៧។
ឃុំពាម ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមានព្រំប្រទល់ជាប់នឹងខេត្តកំពង់ស្ពឺ ធ្លាប់ជាសមរភូមិតស៊ូយ៉ាងស្រួចស្រាល់ ក្នុងសម័យសង្គ្រាម។ ក្នុងការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជាទទួលបាន ៥អាសនៈ(កើន ១អាសនៈធៀបឆ្នាំ២០១២) លើ៧អាសនៈដែលមានការប្រកួតប្រជែងខ្លាំង ជាមួយគណបក្សដទៃទៀត នៅទូទាំងប្រទេស។ ក្រៅអំពីកិច្ចការភូមិឃុំមានសុវត្ថិភាព ឯកឧត្តមបណ្ឌិត បានផ្ដាំផ្ញើឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ (អាជ្ញាធរដែនដី) ត្រូវយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាសុខភាព និងសមត្ថភាពរបស់ប្រជាពលរដ្ឋ ដើម្បីបង្កើនជីវភាពរបស់ពួកគាត់ និងការអភិវឌ្ឍប្រទេសជាតិ។
មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិត ក៏បានរំលឹកអំពីអនុស្សាវរីយ៍ (កាលនៅជានាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប) ដែលបានចុះជួយមូលដ្ឋានឃុំពាម ដោយបានចែកពូជសត្វ ដូង និងពូជដំណាំផ្សេងៗ ជូនប្រជាពលរដ្ឋគ្រប់គ្រួសារ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ