ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជំរុញឱ្យគ្រប់គណបក្សនយោបាយ ផ្ដល់អាទិភាពឱ្យស្រ្ដី និងយុវជន មានក្នុងបញ្ជីឈ្មោះ ដែលអាចជាប់បោះឆ្នោតបាន
 
ចែករំលែក ៖

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា អមដោយសមាជិកព្រឹទ្ធសភាមួយចំនួន ព្រមទាំងតំណាងឯកអគ្គរដ្ឋទូត-រាជទូត ជប៉ុន វៀតណាម ឡាវ បានចុះសួរសុខទុក្ខប្រជាជន និងសមាជិកក្រុមប្រឹក្សាឃុំអណ្ដូងស្នាយ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយនាំមកជាមួយនូវពូជដំណាំ សម្ភារៈ ថវិកា និងការនឹករលឹកពីព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងសម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី ចំពោះបងប្អូនជនរួមជាតិ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរឃុំអណ្ដូងស្នាយ ក្នុងការថែរក្សាសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ និងការអភិវឌ្ឍឃុំនាពេលកន្លងមក។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានអំពាវនាវឱ្យគ្រប់គណបក្សនយោបាយ បង្កើនសមាសភាពស្ត្រី និងយុវជនក្នុងបញ្ជីបេក្ខជនឈរឈ្មោះ ដែលអាចជាប់ឆ្នោតបានក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២៧។
មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិត ផ្ដល់អនុសាសន៍ថា ដោយសារភូមិសាស្រ្ដខេត្តកំពង់ឆ្នាំងជាប់បឹងទន្លេសាប មានត្រីច្រើន ពឹងផ្អែកលើកសិកម្មផង និងឧស្សហកម្មផង លើសពីនេះទៀត ខេត្តនេះនៅជិតរាជធានីភ្នំពេញ ដែលជាទីផ្សារធំសម្រាប់អាហារ និងផលិតផលកសិកម្ម ដូចច្នេះខេត្តនេះគួរជំរុញការផលិត និងការច្នៃអាហារបន្ថែមទៀត។ ក្នុងករណីខេត្តនេះ ចង់សាកនូវដំណាំថ្មី គួរពិចារណាសាកល្បងការដាំដុះកាកាវ ដែលសមសម្របទឹក ដី បរិស្ថាន នៅក្នុងខេត្តកំពង់ឆ្នាំង ហើយកាកាវក៏មានតម្លៃខ្ពស់ផងដែរ។ ទីផ្សារកាកាវនៅក្នុងប្រទេសកម្ពុជានៅមានកម្រិតទាប ប៉ុន្ដែវាជាដំណាំសក្ដានុពល ព្រោះកាកាវមានសារៈប្រយោជន៍ដល់សុខភាព ដូចជាជួយសរសៃឈាម បេះដូង ជាដើម អាចផលិតជាសូកូឡា និងជាផលិតផលផ្សេងៗទៀត ដែលជាតម្រូវការខ្ពស់ក្នុងទីផ្សារអន្តរជាតិ ផងដែរ។ ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា យើងត្រូវមើលទិន្នន័យជាក់ស្តែង និងយកចិត្តទុកដាក់ខ្ពស់ ដោយគិតគូរពីជីវភាពរបស់ប្រជាពលរដ្ឋ ជាអាទិភាព។ ប្រាក់ចំណូលប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតទាប ខណៈដែលការអប់រំ និងការអភិវឌ្ឍជំនាញនៅតែមានសារៈសំខាន់ខ្លាំង។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ