ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ និស្សិតគួររៀននិងស្រាវជ្រាវបណ្តើរៗ ហើយរៀបចំផលិតកម្មតូចៗបណ្តើរ
 
ចែករំលែក ៖

នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញធ្វើបទបាឋកថា ស្ដីពី “ដំណើរឆ្ពោះទៅការផលិត និងគាំទ្រទំនិញខ្មែរ” នៅសាកលវិទ្យាល័យជាតិបាត់ដំបង ដោយមានសាស្រ្ដាចារ្យ និងនិស្សិត ចំនួនប្រមាណ៤៥០នាក់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានលើកទឹកចិត្តសាកលវិទ្យាល័យ ឱ្យបណ្តុះបណ្តាលនិស្សិត ដោយលើកទឹកចិត្តឱ្យមានការស្រាវជ្រាវ ឆ្ពោះទៅការបង្កើតផលិតផល និងសេវាកម្ម ហើយនិស្សិតក៏គួររួមគ្នារៀបចំផលិតកម្មតូចៗជាបណ្តើរ តាមដែលអាចធ្វើទៅបាន។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តសាកលវិទ្យាល័យ សហការជាមួយវិស័យឯកជន ដើម្បីឱ្យមានកិច្ចសហប្រតិបត្តិការគ្នា ដែលអនុញ្ញាតឱ្យនិស្សិតអាចអនុវត្តជាក់ស្តែងក្នុងផលិតកម្ម និងសេវាកម្មនានា នៅតាមក្រុមហ៊ុន ឬសហគ្រាស។ ក្នុងបរិបទនៃជម្លោះព្រំដែនខ្មែរ-ថៃ និងបញ្ហាជាសកល ដែលបង្កឱ្យមានអតិផរណា ឯកឧត្តមបណ្ឌិត បានអំពាវនាវឱ្យមានការប្រឹងប្រែងផលិត និងគាំទ្រផលិតផលក្នុងស្រុក។
ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានមានប្រសាសន៍ឱ្យមានការស្រាវជ្រាវអំពីផលិតភាពនៃដំណាំកាកាវ នៅក្នុងខេត្តបាត់ដំបង ព្រោះវាជាដំណាំដែលមានតម្រូវការ និងមានតម្លៃខ្ពស់។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ