ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា កម្ពុជានៅតែបន្តបើកចំហរាល់យន្តការសន្តិវិធី ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា រួមជាមួយតំណាងស្ថានទូត ចិន ឥណ្ឌូណេស៊ី ឡាវ វៀតណាម និងជប៉ុន ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅមជ្ឈមណ្ឌលស្នាក់នៅបណ្ដោះអាសន្នស្លក្រាម ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ព្រមទាំងបាននាំយកនូវអំណោយជាពូជដំណាំ សម្ភារៈ និងថវិកាមួយចំនួន និងសេចក្ដីនឹករលឹកពី ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងសម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ និងតំណាងស្ថានទូតនានា ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា នៅតែបន្តរក្សាជំហរបើកចំហ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី និងមិត្តភាព តាមរយៈយន្តការពហុភាគី និងច្បាប់អន្តរជាតិនានា ដើម្បីឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍយូរអង្វែងនៅតាមបណ្តោយព្រំដែន។ ឯកឧត្តមបានបន្ថែមថា វត្តមានរបស់អង្គទូត និងមិត្តបរទេសនាពេលនេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញនូវការពិតនៃផលវិបាកដែលបង្កឡើងដោយជម្លោះប្រដាប់អាវុធ។

មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំរៀបចំជម្រកសមរម្យជូនដល់ជនភៀសសឹកប្រមាណ ៣ ៣០០គ្រួសារ (ប្រមាណ ១២ ០០០នាក់) និងបានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋត្រូវរក្សាសាមគ្គីភាពជាធ្លុងមួយ ដើម្បីឆ្លងផុតដំណាក់កាលដ៏លំបាកនេះ ព្រមទាំងត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ សេចក្ដីថ្លៃថ្នូរ និងការអត់ធ្មត់ខ្ពស់ ក្នុងការបញ្ចេញមតិយោបល់ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ដើម្បីរក្សាសណ្តាប់ធ្នាប់ និងស្ថិរភាពជាតិ។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ