លោកជំទាវ មុំ សណ្តាប់ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយចលនានារី ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
 
ចែករំលែក ៖

នារសៀលថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៤:៣០នាទី លោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញជួបសំណេះសំណាលជាមួយចលនានារី(ជាមេគ្រួសារ) នៅក្នុងភូមិ៣ សរុបចំនួន១០គ្រួសារ ស្មើនឹងសមាជិក៥០នាក់ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងឱកាសនោះផងដែរ លោកជំទាវបានផ្តល់មតិសំណេះសំណាលជាមួយសមាជិក សមាជិកាចូលរួមដូចជា៖
– ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងតាមដានព័ត៌មានឱ្យបានប្រុងប្រយ័ត្នអំពីជនឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា Online scam។
– ផ្សព្វផ្សាយដល់សមាជិកចូលរួមដែលមានអត្តសញ្ញាណប័ណ្ណជិតហួសសុពលភាព(សល់ត្រឹម១៨០ថ្ងៃ) ឬបាត់ ឬខូច ឬទើបគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ ឱ្យអញ្ជើញមកកាន់ប៉ុស្តិ៍នគរបាល ដើម្បីបន្តសុពលភាព ឬធ្វើថ្មី។
-ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ ទើបផ្លាស់ទីលំនៅចូលត្រៀមឯកសារសម្រាប់ចុះឈ្មោះបោះឆ្នោត នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។
ក្រោយពីបានសំណេះសំណាលរួចមក លោកជំទាវ ក៏បានឧបត្ថម្ភថវិកាចំនួន៥០ម៉ឺនរៀល ជូនដល់សមាជិកដែលបានចូលរួមផងដែរ។

បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលរួចមក លោកជំទាវ បានបន្តអញ្ជើញចុះសួរសុខទុក្ខដល់ចលនានារី ចំនួន៤គ្រួសារ ស្ថិតក្នុងភូមិ៣ ក្នុងនោះ១គ្រួសារទទួលបានអង្ករចំនួន២៥គីឡូក្រាម ជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងថវិកា១គ្រួសារ ទទួលបាន៥០.០០០រៀល(ដែលជាថវិកាក្រុមចុះមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ)។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ