



















ក្នុងឱកាសលោកគ្រូ អ្នកគ្រូ និងសិស្សសាលាភាសារបរទេសខេម-អាស៊ានចំនួន១៣៨នាក់ អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីស្ថាប័នព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញទទួលស្វាគមន៍និងធ្វើបទបង្ហាញស្តីពីរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភា។
ឯកឧត្តម ម៉ាន់ ឈឿន បានជម្រាបអំពីសាវតារបស់ព្រឹទ្ធសភា, រចនាសម្ព័ន្ធព្រឹទ្ធសភា និងតួនាទី ភារកិច្ចនិងសមត្ថកិច្ចរបស់ព្រឹទ្ធសភា។ ព្រឹទ្ធសភានីតិកាលទី១ ចាប់បដិសន្ធិដោយការចាត់តាំង បានចាប់ដំណើរការពីថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩។ ចាប់ពីនីតិកាលទី២ ព្រឹទ្ធសភាកើតឡើងតាមរយៈការបោះឆ្នោតជ្រើសតាំងជាអសកល មិនចំពោះ តាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។ ព្រឹទ្ធសភាមានសមាជិកយ៉ាងច្រើន ស្មើនឹងពាក់កណ្តាល នៃចំនួនសមាជិករដ្ឋសភាទាំងមូល សមាជិកព្រឹទ្ធសភា២រូបចាត់តាំងដោយព្រះមហាក្សត្រ ២រូបជ្រើសតាំងដោយរដ្ឋសភា ក្រៅពីនេះសមាជិកចំនួន៥៨រូប ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកល។ អាណត្តិរបស់ព្រឹទ្ធសភាមានរយៈពេល៦ឆ្នាំ។
ឯកឧត្តម ម៉ាន់ ឈឿន បានរំលេចអំពីតួនាទីនយោបាយដ៏សំខាន់របស់ព្រឹទ្ធសភា ក្នុងការសម្របសម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាលដើម្បីដោះស្រាយរាល់វិបត្តិនយោបាយ ដែលអាចកើតមានជាយថាហេតុ។ ព្រឹទ្ធសភាមានភារកិច្ចទទួលខុសត្រូវខ្ពស់ក្នុងការធ្វើជាតំណាង និងការពារផលប្រយោជន៍របស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាជន ព្រមទាំងធានាថា សំឡេងរបស់គាត់ត្រូវបានគោរពនៅក្នុងដំណើរការតាក់តែងច្បាប់នានា។ ជាមួយគ្នានេះ ព្រឹទ្ធសភា ក៏មានសមត្ថកិច្ចក្នុងការត្រួតពិនិត្យតុល្យភាពនៃអំណាចរដ្ឋ ដោយធានាថា សេចក្តីសម្រេចនានា ត្រូវបានធ្វើឡើងដោយឆ្លុះបញ្ចាំងពីគុណតម្លៃ និងបំណងប្រាថ្នារបស់សង្គមជាតិ និងប្រជាពលរដ្ឋ។
ព្រឹទ្ធសភានីតិកាលទី៥ ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា។ ឯកឧត្តមបានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានីតិកាលទី៥ បានកំណត់ការងារអទិភាពចម្បងចំនួន២ គឺ ១.ការអភិវឌ្ឍទំនាក់ទំនងអន្តរជាតិ តាមរយៈការលើកកម្ពស់ការទូតសភា ២.ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គបោះឆ្នោត នៃក្រុមប្រឹក្សាឃុំ សង្កាត់ ដែលតំណាងឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន។
ក្នុងឱកាសនោះផងដែរ ក៏មានការធ្វើបទបង្ហាញអំពី ដំណើរការងារនីតិកម្មរបស់ព្រឹទ្ធសភា ដោយលោក យិន យូរ៉ាន់ អគ្គនាយករងសេវាច្បាប់ និងសមូហភាពដែនដី និងបទបង្ហាញស្តីពីរចនាសម្ព័ន តួនាទី និងភារកិច្ចរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយ លោកស្រី ឃុន សុវណ្ណនេត្រា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស។
បន្ទាប់ពីស្តាប់បទបង្ហាញរួចមក លោកគ្រូ អ្នកគ្រូ និងនិស្សិតសាលាភាសារបរទេសខេម-អាស៊ាន បានអញ្ជើញទស្សនាសាលប្រជុំព្រឹទ្ធសភា និងអគារប្រវត្តិសាស្រ្តនានានៅក្នុងបរិវេណព្រឹទ្ធសភា៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន