ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញទទួលអំណោយមនុស្សធម៌លើកទី១៩ របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ
 
ចែករំលែក ៖

នៅថ្ងៃសៅរ៍ ១៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា(គណៈកម្មការទី១០) សម្របសម្រួលដោយឯកឧត្តម Min Byong Jang ទីប្រឹក្សាឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា តំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា និងឯកឧត្តម សុខ សំណាង ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមគ្រូពេទ្យព្យាបាលដោយចលនាកម្ពុជា បានសហការទទួលអំណោយមនុស្សធម៌លើកទី១៩ ពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកល Global Life Sharing (GLS) នៃសាធារណរដ្ឋកូរ៉េ និងបណ្ដាមិត្តដៃគូ ដែលផ្តល់មកព្រឹទ្ធសភាកម្ពុជា តាមស្មារតីអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកល Global Life Sharing (GLS) នៃសាធារណរដ្ឋកូរ៉េ ស្ថិតនៅវិមានព្រឹទ្ធសភា។

សូមជម្រាបថា អំណោយមនុស្សធម៌លើកទី១៩ របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ រួមមាន៖ ឱសថ គ្រឿងបរិក្ខាពេទ្យ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ក្នុងទំហំទឹកប្រាក់ ២,២៤៣,៨៦០.១៣ ដុល្លារអាមេរិក។ ជំនួយនេះត្រូវបានផ្តល់ឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពជីវិត និងបង្កើតបរិយាកាសរស់នៅដែលមានស្ថិរភាពល្អប្រសើរសម្រាប់ប្រជាពលរដ្ឋកម្ពុជា ពិសេសជនភៀសខ្លួន គ្រួសារក្រីក្រ និងសហគមន៍ងាយរងគ្រោះទូទាំងប្រទេស។

មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ បានអនុវត្តគម្រោងមនុស្សធម៌នេះ ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាលកូរ៉េ ស្ថាប័នរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនជាច្រើន ដែលរួមមាន ក្រសួងពាណិជ្ជកម្មកម្ពុជា DK C&C, Spine Center, PGCT Center, World-OKTA Phnom Penh , R&S STEEL (CAMBODIA) , ក្រុមហ៊ុន E-School Cambodia និងវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា។

សូមរំលឹកថា គណៈកម្មការទី១០ នៃព្រឹទ្ធសភាកម្ពុជា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ(GLS) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីការផ្តល់ជំនួយមនុស្សធម៌លើកដំបូង ក្នុងឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់សរុប១០លានដុល្លារអាមេរិក។ បន្ទាប់ពីគម្រោងនេះទទួលបានការវាយតម្លៃជាវិជ្ជមាន ចំពោះប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវ ឯកឧត្តម ម៉ម ប៊ុននាង និងប្រធាន GLS លោក Kim Jungnam បានចុះហត្ថលេខាលើ MOU លើកទី២ ក្នុងឆ្នាំ២០២៥ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ក្រោមកិច្ចព្រមព្រៀងថ្មីនេះ កម្មវិធីសហប្រតិបត្តិការនឹងបន្តរយៈពេល៥ឆ្នាំបន្ថែម ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩ ដោយទំហំជំនួយសរុបត្រូវបានពង្រីកយ៉ាងខ្លាំងដល់៥០លានដុល្លារអាមេរិក។ លើសពីនេះ GLS និងព្រឹទ្ធសភាកម្ពុជា កំពុងពិភាក្សាអំពីការពង្រីកគម្រោងមនុស្សធម៌បន្ថែមនៅខែមិថុនា ឆ្នាំ២០២៦ រួមមានគម្រោងគាំទ្រនៅ ខេត្តកែប, ខេត្តបាត់ដំបង និងខេត្តព្រៃវែង ។ ភាគីទាំងពីរក៏មានផែនការចុះហត្ថលេខាលើ MOU លើកទី៣ ដើម្បីបង្កើនទំហំជំនួយមនុស្សធម៌សរុបឱ្យដល់ប្រមាណ ៦៥លានដុល្លារអាមេរិក ត្រឹមឆ្នាំ២០២៩ ផងដែរ។

កិច្ចសហប្រតិបត្តិការរវាងគណៈកម្មការទី១០ នៃព្រឹទ្ធសភាកម្ពុជា និងGLSកូរ៉េ ត្រូវបានទទួលស្គាល់ថា ជាគំរូដ៏លេចធ្លោនៃមិត្តភាព សាមគ្គីភាព និងភាពជាដៃគូមនុស្សធម៌រវាងសង្គមស៊ីវិលនៃប្រទេសកម្ពុជា និងកូរ៉េ។ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ និងសកម្មភាពគាំទ្រមនុស្សធម៌បន្ថែមទៀត ក្នុងវិស័យសុខាភិបាល សុខុមាលភាព និងការអភិវឌ្ឍសង្គមនាពេលអនាគត។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ