គណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
 
ចែករំលែក ៖

នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការ បានទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ដឹកនាំដោយឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពការងាររបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) និងកិច្ចសហការការងារ នៅសាលភក្តីវិក្រម៣វិមានព្រឹទ្ធសភា។

ក្នុងឱកាសនោះ ឯកឧត្តម ងី ច័ន្ទ្រផល បាននាំយកនូវបណ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំ អ.ដ.ក និងជម្រាបជូនអំពីសាវតា រចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ព្រឹទ្ធសភា ក៏ដូចជាគណៈកម្មការ។ ជាមួយនេះ ឯកឧត្តមបានរំលេចអំពីការងារស្នូលរបស់គណ:កម្មការ គឺការងារសិទ្ធិមនុស្ស និងការងារទទួលពាក្យបណ្តឹង ដែលជាកិច្ចការមួយពាក់ព័ន្ធនឹងការងាររបស់ក្រសួង ដែលត្រូវមានកិច្ចសហការជាមួយគ្នា ដើម្បីដោះស្រាយឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីអាទិភាពការងារចម្បងចំនួន២ របស់ព្រឹទ្ធសភានីតិកាលទី៥ គឺការលើកកម្ពស់ការទូតសភា និងការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតំណាងប្រជាពលរដ្ឋនៅមូលដ្ឋាន។

ក្នុងនាមថ្នាក់ដឹកនាំ អ.ដ.ក ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ឯកឧត្តម ជិន ម៉ាលីន បានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ប្រធានព្រឹទ្ធសភា ក៏ដូចជាឯកឧត្តមប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ដែលបានផ្តល់ឱកាស និងកិត្តិយសដល់ថ្នាក់ដឹកនាំ អ.ដ.ក បានមកជួបពិភាក្សាការងារ និងបង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម ជិន ម៉ាលីន បានបង្ហាញអំពីការរៀបចំដំណើរការស្ថាប័ន, ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំ, ការរៀបចំចំណាត់ការសំណុំរឿងក្នុងក្របខណ្ឌនៃ អ.ដ.ក , ការអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិភាគតិច និងតំបន់ដាច់ស្រយាល, កិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ, ការងារសាធារណមតិ និងការផ្សព្វផ្សាយ ,បញ្ហាប្រឈម និងទិសដៅបន្តដែលត្រូវអនុវត្តបន្ត។
ក្រោយពីបានស្តាប់សេចក្តីរាយការណ៍រួចមក សមាជិក សមាជិកា នៃគណៈកម្មការទាំង១០ព្រឹទ្ធសភា ក៏បានមានការចូលរួមមតិយោបល់ លើកជាសំនួរ និងមានការបកស្រាយពីឯកឧត្តមរដ្ឋលេខាធិការ និងមន្ត្រីជំនាញនៃ អ.ដ.ក ផងដែរ។

នៅទីបញ្ចប់ ឯកឧត្តម ងី ច័ន្ទ្រផល បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការដឹកនាំរបស់ឯកឧត្តមរដ្ឋលេខាធិការ និងសហការីទាំងអស់ ដែលបានខិតខំបំពេញការងារដោះស្រាយបញ្ហាទំនាស់ ក៏ដូចជាវិវាទផ្សេងៗក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ ទោះបីមានបញ្ហាប្រឈមមួយចំនួន គឺសម្រេចបានសមិទ្ធផលសំខាន់ៗ និងគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រដែលអាចធានាបាននូវប្រសិទ្ធភាពក្នុងការដឹកនាំនិងគ្រប់គ្រងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) កាន់តែល្អប្រសើរ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានស្នើឱ្យ អ.ដ.ក ជំរុញនូវការផ្សព្វផ្សាយព័ត៌មានចំពោះការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឱ្យបានទូលំទូលាយជូនដល់សាធារណជន និងប្រើបច្ចេកវិទ្យានិម្មិតអេអាយ (Ai) ដើម្បីជួយសម្រួលដល់កិច្ចការដោះស្រាយវិវាទផងដែរ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ