ខុទ្ទកាល័យស្វាគមន៍សមាជិកថ្មី ពិភាក្សាអំពីការធ្វើការងារជាក្រុម ដើម្បីប្រសិទ្ធភាពការងារ
 
ចែករំលែក ៖

នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅសាលខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា នៃវិមានសាមគ្គីភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតអនុប្រធានទី២ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ខុទ្ទកាល័យ ដើម្បីវាយតម្លៃលើលទ្ធផលការងារ និងដាក់ចេញទិសដៅការងារសំខាន់ៗនាពេលខាងមុខ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មី និងបានសង្កត់ធ្ងន់លើស្មារតីនៃការធ្វើការងារជាក្រុម (Teamwork) ដើម្បីពង្រឹងយន្តការការងារឱ្យកាន់តែមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត មាន ប្រសាសន៍ថា ក្នុងមុខងារនីតិកម្ម និងការតាមដានការអនុវត្តច្បាប់ ដែលទាមទារឱ្យសមាជិកខុទ្ទកាល័យទាំងអស់ ត្រូវពង្រឹងសមត្ថភាពជួយព្រឹទ្ធសភា ស្រាវជ្រាវឱ្យបានច្បាស់លាស់ ស៊ីជម្រៅ និងមានមូលដ្ឋានវិទ្យាសាស្ត្ររឹងមាំ ដូចជាក្នុងវិស័យធនាគារ និងយន្តការច្បាប់ក្នុងការបង្ក្រាប និងប្រឆាំងបទល្មើសបច្ចេកវិទ្យាអនឡាញ ដែលកំពុងជាបញ្ហាប្រឈមរូបវន្តនាពេលបច្ចុប្បន្ន។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត ក៏បានផ្តល់ការណែនាំលើការងារព័ត៌មាន ដោយត្រូវផ្សព្វផ្សាយឱ្យឆ្លុះបញ្ចាំងពីទស្សនវិស័យគន្លឹះរបស់ឯកឧត្តមក្នុងការលើកកម្ពស់វិស័យអប់រំនៅតាមតំបន់ជនបទដាច់ស្រយាល តាមរយៈស្មារតីជួយគ្នាទៅវិញទៅមក និងការផ្តល់អាហារូបករណ៍ ដើម្បីជួយឱ្យកុមារនៅជនបទមានឱកាសទទួលបានចំណេះដឹង និងអាចចេះភាសាអង់គ្លេសបានជ្រៅជ្រះដូចកុមារនៅទីក្រុងផងដែរ។ ជាចុងក្រោយ ដើម្បីត្រៀម លក្ខណៈឱ្យបានហ្មត់ចត់សម្រាប់ទិសដៅការងារខាងមុខ កិច្ចប្រជុំប្រចាំខែនេះក៏បានពិភាក្សា និងរៀបចំផែនការសកម្មភាពយ៉ាងលម្អិតលើបេសកកម្មការងារក្រៅប្រទេសចំពោះមុខចំនួនពីរ ដែលត្រូវអនុវត្ត គឺដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូទៅកាន់សាធារណរដ្ឋប្រជាមានិតចិន និងប្រទេសអាហ្សាក់បៃហ្សង់ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រឹងការទូតសភា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស្អិតរមួត។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ