












នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ម ប៊ុននាង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា នាំយកជំនួយមនុស្សធម៌របស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ប្រគល់ជូនដល់បញ្ជាការដ្ឋានអង្គរក្ស។ ក្នុងពិធីប្រគល់ ទទួលជំនួយមនុស្សធម៌នាឱកាសនោះ មានការអញ្ជើញចូលរួមពីសំណាក់សមាជិកគណៈកម្មការទី១០ ព្រឹទ្ធសភា សមាជិក សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ តំណាងមូលនិធិចែករំលែកសង្គ្រោះ ជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយឯកឧត្តម សុខ សំណាង និងនាយទាហាន បញ្ជាការដ្ឋានអង្គរក្ស។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក យ៉ាត ទូច មេបញ្ជាការរង និងជានាយកខុទ្ទកាល័យបញ្ជាការដ្ឋានអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានសម្តែងនូវក្តីរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ម៉ម ប៊ុននាង និងគណៈប្រតិភូ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃ នាំយកជំនួយមនុស្សធម៌ដ៏ថ្លៃថ្លា និងមិនអាចកាត់ថ្លៃបាន ក្នុងការជួយលើកស្ទួយសុខុមាលភាពកងទ័ព និងក្រុមគ្រួសារ។ ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង, ឯកឧត្តម ឧត្តមសេនីយ៍ឯក បានប្តេជ្ញាចិត្តចាត់ចែង គ្រប់គ្រង និងនាំយកជំនួយមនុស្សធម៌ទាំងអស់នេះ ប្រើប្រាស់ក្នុងបញ្ជាការដ្ឋានអង្គរក្ស សម្រាប់ការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានគង់វង្ស។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ជូនដល់នាយកទានហាន និងពលទាហានទាំងអស់នៃបញ្ជាការដ្ឋានអង្គរក្ស។ ឯកឧត្តមប្រធានគណៈប្រតិភូព្រឹទ្ធសភា បានមានប្រសាសន៍បន្តថា ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពវាងវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកំណត់អាទិភាពការងារដែលផ្តោតលើ៖១.ការចូលឱ្យជិតអង្គបោះឆ្នោត និងសហគមន៍មូលដ្ឋាន និង២.ការជំរុញការងារការទូតសភា ដែលមានទិសដៅសំខាន់ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេសជាមិត្តទាំងអស់ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ក្នុងស្មារតីនេះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភា បានអនុវត្តការងារការទូតប្រកបដោយបុរេសកម្ម ដើម្បីបុព្វហេតុការពារផលប្រយោជន៍ និងកិត្យានុភាពជាតិ ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ជាពិសេសក្នុងពេលមានសង្គ្រាមឈ្លានពានរបស់ថៃ មកលើកម្ពុជាយើង។ ជាក់ស្តែង ក្រោមកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាង គណៈកម្មការទី១០ ព្រឹទ្ធសភា ជាមួយ មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដោយមានការសម្របសម្រួលពីសំណាក់ឯកឧត្តម សុខ សំណាង និងសហការី ថ្ងៃនេះ គណៈប្រតិភូព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិសកល បាននាំយកនូវជំនួយមនុស្សធម៌ រួមមាន ឱសថ ចំនួន២៧មុខ ក្នុងទំហំទឹកប្រាក់ចំនួន១,០១៧,០៣៩ (មួយលាន ដប់ប្រាំពីរពាន់ សាមសិបប្រាំបួន)ដុល្លារអាមេរិក មកប្រគល់ជូនបញ្ជាការដ្ឋានអង្គរក្ស ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពនាយទាហាន និងពលទានហាន ឱ្យបានកាន់តែប្រសើរ ។សូមគូសបញ្ជាក់ថា មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវជំនួយមនុស្សធម៌ដល់ព្រឹទ្ធសភាកម្ពុជា ដែលរួមមាន៖ ឱសថ គ្រឿងបរិក្ខាពេទ្យ សម្លៀកបំពាក់ និងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ ចំនួន ២០លើក ក្នុងទំហំទឹកប្រាក់ ៣០,៦៣១,៣៩៥(សាមសិបលាន ប្រាំមួយរយសាមសិប មួយពាន់ បីរយកៅសិបប្រាំ)ដុល្លារអាមេរិក រួចមកហើយ។ ជំនួយមនុស្សធម៌ទាំងអស់ ត្រូវបានថ្នាក់ដឹកនាំព្រឹទ្ធសភា គ្រប់គ្រង និង បែងចែកទៅតាមបណ្តារាជធានី ខេត្ត មន្ទីរពេទ្យ មណ្ឌលសុខភាព ជនងាយរងគ្រោះ ពិសេសប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ ប្រកបដោយតម្លាភាព គណនេយ្យភាព និងចំគោលដៅ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ឱ្យបានកាន់ប្រសើរឡើង ស្របតាមបំណងប្រាថ្នាដ៏ថ្លៃថ្លារបស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing)។ គណៈកម្មការទី១០ ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល មានផែនការចុះហត្ថលេខាលើ MOU លើកទី៣ ដើម្បីបង្កើនទំហំជំនួយមនុស្សធម៌សរុបឱ្យដល់ប្រមាណ ៦៥លានដុល្លារអាមេរិក ត្រឹមឆ្នាំ២០២៩ ។
ខ្លឹមសារ៖ ការិយាល័យជំនួយការគណៈកម្មការទី១០ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត័មាន