សាស្ត្រាចារ្យ សមណនិស្សិត និងនិស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង អញ្ជើញទស្សនកិច្ចសិក្សា ដើម្បីឈ្វេងយល់ពីស្ថាប័នព្រឹទ្ធសភា
 
ចែករំលែក ៖

ដើម្បីពង្រឹងការយល់ដឹងជាសាធារណៈឱ្យកាន់តែស៊ីជម្រៅអំពីប្រព័ន្ធសភា និងយន្តការកសាងច្បាប់នៅកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសាស្ត្រាចារ្យ សមណនិស្សិត និងនិស្សិតមកពីសាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) ចំនួន ៨៣អង្គ/នាក់ ក្នុងកម្មវិធីទស្សនកិច្ចសិក្សាស្វែងយល់អំពី «រចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងដំណើរការនីតិកម្មរបស់ព្រឹទ្ធសភា» នៅសាលភក្តីវិក្រម១ នៃព្រឹទ្ធសភា។
នៅក្នុងឱកាសនោះ គណៈប្រតិភូបានស្តាប់បទបង្ហាញយ៉ាងយកចិត្តទុកដាក់របស់ឯកឧត្តម ម៉ែន ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ស្តីពី សាវតារនៃការបង្កើតស្ថាប័នព្រឹទ្ធសភា, តួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភា, ភាពខុសគ្នារវាងព្រឹទ្ធសភានិងរដ្ឋសភា ព្រមទាំងតួនាទីរបស់ក្រុមសមាជិកព្រឹទ្ធសភានៅតាមភូមិភាគ។
ជាមួយគ្នានោះ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ដល់សមណនិស្សិត និងនិស្សិត ឱ្យបន្តខិតខំសិក្សារៀនសូត្រ ពង្រឹងសមត្ថភាព និងគុណភាពធនធានមនុស្ស សម្រាប់បម្រើដល់ការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងលើកទឹកចិត្តឱ្យយកចិត្តទុកដាក់ថែរក្សា ប្រើប្រាស់ និងលើកកម្ពស់ភាសាជាតិខ្មែរ ឱ្យបានត្រឹមត្រូវ ស្របតាមអត្តសញ្ញាណ វប្បធម៌ និងប្រពៃណីជាតិខ្មែរ។
ក៏មានការធ្វើបទបង្ហាញពីលោក យិន យូរ៉ាន់ អគ្គនាយករង នៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី ស្តីពី «ដំណើរការនីតិកម្មរបស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា» និងបទបង្ហាញរបស់លោកស្រី ឃុន សុវណ្ណនេត្រា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ស្តីពី «រចនាសម្ព័ន តួនាទី និងភារកិច្ចរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា»។
ក្រោយពីបានក្រេបជញ្ជក់ចំណេះដឹងពីបទបង្ហាញរួចមក គណៈប្រតិភូសាស្ត្រាចារ្យ និងនិស្សិតទាំងអស់ បានអញ្ជើញទស្សនាសាលប្រជុំពេញអង្គព្រឹទ្ធសភា និងបានទស្សនាអគារប្រវត្តិសាស្ត្រនានានៅក្នុងបរិវេណព្រឹទ្ធសភា។
តាមរយៈទស្សនកិច្ចសិក្សានេះ គណៈប្រតិភូសាស្ត្រាចារ្យ និងនិស្សិតទាំងអស់ បានទទួលនូវចំណេះដឹងផ្នែកច្បាប់ និងប្រព័ន្ធការងារសភាយ៉ាងទូលំទូលាយ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ