








ថ្ងៃទី៨ ខែមិថុនាឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានដឹកនាំកិច្ចប្រជុំពិសេសប្រចាំខែ ជាមួយប្រធានក្រុមនានាព្រឹទ្ធសភា ដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភាទាំងអស់របស់គណបក្សឆន្ទៈខ្មែរ។ ក្នុងឱកាសនោះ សមាជិកព្រឹទ្ធសភានៃគណបក្សឆន្ទៈខ្មែរបានថ្លែងអំណរគុណដល់ឯកឧត្តមអនុប្រធានទី២ ដែលបានផ្តល់ឱកាសឱ្យមានការពិភាក្សា ព្រមទាំងបានសម្តែងការឯកភាព និងអបអរសាទរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់អង្គប្រជុំ ដែលបានឯកភាពគ្នាមិនស្នើធ្វើវិសោធនកម្មលើលក្ខខណ្ឌបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ និងមិនទាន់កំណត់លក្ខខណ្ឌកម្រិតវប្បធម៌បេក្ខជនឈរឈ្មោះឱ្យខ្ពស់ជាងបច្ចុប្បន្នឡើយ ដោយទុកលទ្ធភាពសម្រាប់ការពិចារណាធ្វើនៅអាណត្តិក្រោយៗទៀត។ កន្លងមក សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគមួយចំនួន បានស្នើដំឡើងលក្ខខណ្ឌសមត្ថភាពឱ្យខ្ពស់ជាងបច្ចុប្បន្ន ដែលមានកម្រិតត្រឹមតែ “ ចេះអាន និងសរសេរអក្សរខ្មែរ ” ខណៈដែលសមត្ថភាពរបស់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់មួយចំនួននៅមានកម្រិតនៅឡើយ។ ការរក្សាលក្ខខណ្ឌនេះ គឺជាការបើកចំហរ និងជួយដល់គណបក្សនយោបាយតូចៗដែលខ្វះធនធានមនុស្ស ឱ្យមានឱកាសចូលរួមប្រកួតប្រជែងបានច្រើនមណ្ឌលបោះឆ្នោត។
អង្គប្រជុំក៏បានមូលមតិគ្នាលើកទឹកចិត្តឱ្យគ្រប់គណបក្សនយោបាយទាំងអស់ដាក់បេក្ខជនជាស្ត្រី និងយុវជននៅលំដាប់លេខរៀងដែលអាចជាប់ឆ្នោតបាន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅឆ្នាំ២០២៧ នាពេលខាងមុខ។
គួរបញ្ជាក់ផងដែរថា នៅឆ្នាំ២០២២ ស្រ្តីបានចូលរួមការបោះឆ្នោតមានជាង៥០ភាគរយ ប៉ុន្តែមានស្ត្រីតែ២២ភាគរយប៉ុណ្ណោះបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងប្រទេស។ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់មកពីគណបក្សប្រជាជនកម្ពុជា សមាជិកជាស្ត្រីមាន២៥ភាគរយ រីឯសមាជិកជាស្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សភ្លើងទៀនមានត្រឹមតែ០,១ភាគរយប៉ុណ្ណោះ។ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានលើកឡើងថាគណបក្សនយោបាយនានា គួរលើកទឹកចិត្តស្ត្រី និងយុវជនឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន