សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងអង្គបោះឆ្នោតព្រឹទ្ធសភា មកពីខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ
 
ចែករំលែក ៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងអង្គបោះឆ្នោតព្រឹទ្ធសភា មកពីខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ក្នុងមណ្ឌលភូមិភាគទី៤ នៅសាលសន្និសីទសុខាសៀមរាប នាព្រឹកថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប និងខេត្តឧត្តរមានជ័យសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងខេត្តឧត្តរមានជ័យសរុបចំនួន ១,៦២០នាក់។

ការចុះជួបសំណេះសំណាលនាពេលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា និងអង្គបោះឆ្នោត ធានាតម្លាភាព និងជំរុញប្រសិទ្ធភាពការងារនៅមូលដ្ឋាន។

សូមជម្រាបថា នេះជាការចុះមូលដ្ឋានលើកទី១៤ហើយរបស់សម្តេចតេជោ ក្នុងខណៈដែលសម្តេចបានអញ្ជើញចុះជួបផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋាននៅតាមបណ្តារាជធានី-ខេត្តជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ និងខេត្តកណ្តាល។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ