ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អញ្ជើញចុះស្វែងយល់ពីបញ្ហាប្រឈម សំណូមពរ ក្នុងការអនុវត្តតួនាទីភារកិច្ចក្រុមប្រឹក្សាទាំង៥ឃុំ ក្នុងស្រុកកែវសីមា
 
ចែករំលែក ៖

នារសៀលថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធដ័ករាជ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាស្រុកកែវសីមា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ រួមមាន លោកជំទាវ ឃួន ឃុនឌី អនុប្រធានក្រុម និងលោកជំទាវ ចឹក ហេង សមាជិកាក្រុម តំណាងឯកឧត្តមបណ្ឌិត នាង ផាត ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំង២៧រូប មកពីឃុំទាំង៥ រួមមាន៖ ឃុំចុងផ្លាស់ ឃុំមេម៉ង់ ឃុំស្រែឈូក ឃុំស្រែខ្ទម និងឃុំស្រែព្រះ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីស្វែងយល់ពីបញ្ហាប្រឈម សំណូមពរ ក្នុង
ការអនុវត្តតួនាទីភារកិច្ចកន្លងមក។

ក្នុងឱកាសនេះ លោកជំទាវ ឃួន ឃុនឌី អនុប្រធានក្រុម បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ថ្នាក់ដឹកនាំព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិត នាង ផាត ប្រធានក្រុម ដោយក្តីនឹករលឹកជូនដល់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងស្រុកកែវសីមាទាំងអស់។

លោកជំទាវ អនុប្រធានក្រុម បានជម្រាបជូនអំពីសាវតារ រចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ព្រឹទ្ធសភា។ បន្ថែមពីនេះ លោកជំទាវ ក៏បានគូសបញ្ជាក់អំពីអាទិភាពការងារចម្បងចំនួន២ របស់ព្រឹទ្ធសភានីតិកាលទី៥ គឺការលើកកម្ពស់ការទូតសភា និងការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតំណាងប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកជំទាវ បានបន្តមានប្រសាសន៍ថា ចំពោះបញ្ហាប្រឈម និងសំណូមពរនានារបស់អាជ្ញាធរស្រុកកែវសីមា និងក្រុមប្រឹក្សាឃុំទាំង៥ បានលើកឡើង ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ នឹងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីលើកជាអនុសាសន៍ជម្រាបដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ