









ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដឹកនាំដោយ លោកជំទាវ ឃួន ឃុនឌី អនុប្រធានក្រុម និងលោកជំទាវ ចឹក ហេង សមាជិកក្រុម តំណាងរបស់ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានក្រុម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំចំនួន៦ ក្នុងស្រុកកោះញែក ក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ និងរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ នៅមូលដ្ឋាន និងឈ្វេងយល់ពីសុខទុក្ខ បញ្ហាប្រឈម និងសំណូមពរក្នុងការអនុវត្តតួនាទីភារកិច្ចកន្លងមក នាព្រឹកថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦
ក្នុងឱកាសនោះ លោកជំទាវ ឃួន ឃុនឌី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនដល់អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក។
លោកជំទាវអនុប្រធានក្រុម បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ស្រុក ឃុំ ក្នុងការបំពេញភារកិច្ច ដែលសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈក្នុងការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ និងថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានសហការ ខិតខំពុះពារ ដោះស្រាយ បញ្ហាប្រឈម និងបម្រើសេវាជូនប្រជាពលរដ្ឋ ដោយរក្សាបាននូវសន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមក្នុងមូលដ្ឋានបានល្អប្រសើរ។ លោកជំទាវក៏បានអំពាវនាវដល់អាជ្ញាធរឱ្យបន្តបង្ការ ទប់ស្កាត់ និងបោសសម្អាតបទល្មើសនានា ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បញ្ហាក្មេងទំនើង ល្បែងស៊ីសង និងគ្រឿងញៀន។
ជាមួយគ្នានេះ លោកជំទាវបានលើកឡើងអំពីប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ប្រមុខរដ្ឋស្តីទី ដោយបញ្ជាក់ច្បាស់ថាកម្ពុជាជ្រើសរើសយកការដោះស្រាយបញ្ហាព្រំប្រទល់ជាមួយប្រទេសថៃ ដោយសន្តិវិធី និងច្បាប់អន្តរជាតិ ព្រមទាំងស្នើឱ្យអាជ្ញាធរជួយផ្សព្វផ្សាយ ពង្រឹងជំនឿចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។
លោកជំទាវ បានលើកឡើងពីការបំពេញច្បាប់កាតព្វកិច្ចយោធា និងបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យយល់ដឹង និងគាំទ្រច្បាប់នេះ។
ចំពោះបញ្ហាប្រឈម និងសំណូមពរនានារបស់អាជ្ញាធរមូលដ្ឋាន ក្រុមសមាជិកព្រឹទ្ធសភានឹងធ្វើរបាយការណ៍គោរពជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីលើកជាអនុសាសន៍ជម្រាបជូនក្រសួង-ស្ថាប័នពាក់ព័ន្ធដោះស្រាយបន្ត៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន