គណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរជំនាញ នៅខេត្តស្ទឹងត្រែង ដើម្បីសិក្សាឈ្វេងយល់និងប្រមូលព័ត៌មានពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
 
ចែករំលែក ៖

នាព្រឹកថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនាក់ដឹកនាំខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរជំនាញជាសមត្ថកិច្ចរបស់គណៈកម្មការ ក្នុងគោលបំណងសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មានពាក់ទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ។

ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត បានមានមតិស្វាគមន៍ប្រកបដោយក្តីរីករាយចំពោះគណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា និងបានធ្វើសេចក្តីរាយការណ៍យ៉ាងក្បោះក្បាយអំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារព្រមទាំងផែនការរបស់អាជ្ញាធរខេត្ត ជូនគណៈប្រតិភូគណៈកម្មការទី៣ជ្រាប។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍លំអិតរបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តរួចមក ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី, ឯកឧត្តម ឈួន ឆាម និងឯកឧត្តម លេង វី បានលើកឡើងនូវចំណាប់អារម្មណ៍ និងសំណួរមួយចំនួន ហើយបានសម្តែងនូវការគាំទ្រ ព្រមទាំងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ខេត្ត ដែលបានខិតខំក្នុងការបំពេញតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួន ដោយសម្រេចបានសមិទ្ធផលយ៉ាងច្រើនគួរឱ្យកត់សម្គាល់។

មុនបញ្ចប់កម្មវិធី បានជូនវត្ថុអនុស្សាវរីយ៍ចំនួន១ សៀវភៅវិថីក្រាលមាសចំនួន៥ក្បាល ជូនដល់ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជូនផ្លែទំពាំងបាយជូចំនួន២២កេស និងផ្លែសារី ចំនួន៥កេសសរុបចំនួន២៧កេសសម្រាប់ចែកជូនអ្នកចូលរួមផងដែរ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ