វិមានសាមគ្គីភាពនៃព្រឹទ្ធសភា ត្រូវបានរៀបចំព្រះរាជពិធីសម្ពោធ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
 
ចែករំលែក ៖

នាព្រឹកថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធអគារថ្មី «វិមានសាមគ្គីភាព» នៃព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចាន់មុន្នី ហ៊ុនម៉ាណែត ព្រមទាំងឥស្សរជនជាន់ខ្ពស់ ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត ភ្ញៀវជាតិ-អន្តរជាតិ និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

«វិមានសាមគ្គីភាព» ត្រូវបានផ្តួចផ្តើមកសាងឡើងកាលពីឆ្នាំ២០២៤ និងប្រសិទ្ធនាមដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងដឹកនាំសាងសង់ដោយ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភានាពេលនោះ។ នាមនៃ វិមាននេះត្រូវបានផ្តល់ជូនដើម្បីជាមហាកិត្តិយសក្នុងស្មារតីលើកកម្ពស់តួនាទីរបស់ព្រឹទ្ធសភា ដែលជាស្ថាប័នតំណាងឱ្យក្រុមប្រឹក្សាឃុំ-សង្កាត់ និងជាការរួមកម្លាំងពីសប្បុរសជននានាដែលជាភស្តុតាងនៃស្មារតី សាមគ្គីភាពជាតិដ៏រឹងមាំ។ «វិមានសាមគ្គីភាព» គួបផ្សំនឹង «វិមានមិត្តភាព» និង «វិមានសន្តិភាព» បានបង្កើតជា «ត្រៃឋាន» នៃអំណាចរដ្ឋគឺជា មុំចង្ក្រានដ៏រឹងមាំសម្រាប់ធានានូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

វិមាននេះមានបណ្តោយ ៧៩ម៉ែត្រ ទទឹង ៤៧ម៉ែត្រ និងកម្ពស់ ៤ជាន់ ប្រើប្រាស់ថវិកាដែលបានមកពីការចូលរួមវិភាគទានរបស់សប្បុរសជននានា ដោយពុំប្រើប្រាស់ថវិកាជាតិ។ សមិទ្ធផលថ្មីនេះបានរួមចំណែកពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនសមត្ថភាពរបស់ព្រឹទ្ធសភា ក្នុងការបំពេញតួនាទី និងភារកិច្ច ព្រមទាំងការរៀបចំកិច្ចប្រជុំ និងទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូជាតិ និងអន្តរជាតិប្រកបដោយប្រសិទ្ធភាព៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ