ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ៖ រក្សាសាមគ្គីភាព ដើម្បីសន្តិភាព វឌ្ឍនភាព និងបូរណភាពទឹកដីខ្មែរ
 
ចែករំលែក ៖

បន្ទាយមានជ័យ៖ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីបានចូលរួមជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ចែកអំណោយដល់ជនភៀសខ្លួនប្រមាណ៣០០០គ្រួសារ នៅភូមិរង់ចាំ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា អមដំណើរដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានបន្តចុះជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងសមាជិកក្រុមប្រឹក្សាឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះ ឯកឧត្តមក៏បាននាំយកអំណោយជាថវិកា អង្ករ និងសម្ភារៈចាំបាច់មួយចំនួន សម្រាប់ចែកជូនប្រជាពលរដ្ឋ ១ ០០០គ្រួសារ ដើម្បីរួមចំណែកសម្រាលការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានគូសបញ្ជាក់ថា ស្មារតីសាមគ្គីភាពជាតិខ្មែរ គឺជាគ្រឹះនៃសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងការអភិវឌ្ឍប្រទេស។ ឯកឧត្តមបានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងរក្សាជំនឿទុកចិត្តយ៉ាងរឹងមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋាន និងក្រុមប្រឹក្សាឃុំ ត្រូវបន្តបំពេញតួនាទី បម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ យកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហា និងថែរក្សាសន្តិសុខ សុវត្ថិភាព ព្រមទាំងសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតបានផ្តល់អនុសាសន៍ឱ្យយកចិត្តទុកដាក់លើការកសាង និងពង្រឹងជីវភាពគ្រួសារ ដោយចាប់ផ្តើមពីសមាជិកគ្រួសារមានសុខភាព និងសមត្ថភាព រួមទាំងសមត្ថភាពភាសាអង់គ្លេស ពិសេសសម្រាប់កុមារ និងយុវជន។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើការដាំដុះដំណាំចម្រុះ ដើម្បីពង្រឹងអាហារូបត្ថម្ភ និងសន្តិសុខស្បៀង ក៏ដូចជាចំណូលសម្រាប់គ្រួសារ។ ជាមួុយគ្នានេះ ឯកឧត្តមបានស្នើដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ពិនិត្យលទ្ធភាពក្នុងការផ្តល់ពូជដំណាំចម្រុះ ក្នុងតម្លៃទាប ព្រមទាំងផ្ទេរបច្ចេកទេសកសិកម្មសមស្របជូនប្រជាពលរដ្ឋ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនកូរ៉េ តាមរយៈឯកឧត្តម ម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភា និងសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភគាំទ្រជាសម្ភារៈ និងថវិកាក្នុងការរួមចំណែកជួយសម្រាលបន្ទុកជីវភាព និងបំពេញតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយទឹកចិត្តមនុស្សធម៌ដ៏ថ្លៃថ្លា។

ប្រភព៖ ខុទ្ទកាល័យ​ឯកឧត្តម អនុប្រធាន​ទី២ព្រឹទ្ធសភា​
រូបភាព​៖ នាយកដ្ឋាន​ព័ត៌មាន​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ