






រសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យក្រចេះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងសហការី បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពី ឯកឧត្ដមបណ្ឌិត ងី ឡាយមិថុនា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យក្រចេះ គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត។
បន្ទាប់មកថ្នាក់ដឹកនាំសាកលវិទ្យាល័យបានជម្រាបជូនអំពីស្ថានភាពទូទៅ និងសមិទ្ធផលសំខាន់ៗ រួមមានចក្ខុវិស័យ ការបណ្តុះបណ្តាល ការគ្រប់គ្រងគុណភាពអប់រំ និងទិសដៅអភិវឌ្ឍន៍ស្របតាមគោលនយោបាយជាតិ។ ក្រៅពីនេះសាកលវិទ្យាល័យ ក៏បានកែទម្រង់កម្មវិធីសិក្សាឱ្យឆ្លើយតបនឹងទីផ្សារការងារ ការពង្រឹងការអនុវត្តផ្ទាល់ មន្ទីរពិសោធន៍ និងបណ្ណាល័យ រួមទាំងបន្តពង្រីកទំនាក់ទំនងជាមួយស្ថាប័នជាតិ និងអន្តរជាតិ។
ក្រោយពីស្ដាប់របាយការណ៍ចប់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានកោតសរសើរនិងលើកទឹកចិត្តជាមួយការផ្តល់នូវអនុសាសន៍ដល់សាកលវិទ្យាល័យនូវចំណុចគន្លឹះសំខាន់ៗដូចជា ការបន្តលើកកម្ពស់គុណភាពបង្រៀន រៀន និងការស្រាវជ្រាវវិទ្យាសាស្ត្រ។ បន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានឧត្តមសិក្សា និងដៃគូអភិវឌ្ឍន៍។ បង្កើនការច្នៃប្រឌិតថ្មីៗ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយសមត្ថភាព និងសីលធម៌ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។
ប្រភព៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា