






្នុងឱកាសធ្វើបាឋកថាជាមួយថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងនិស្សិតសាកលវិទ្យាល័យក្រចេះ នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្រោមប្រធានបទ «មាគ៌ាឆ្ពោះទៅការផលិត និងគាំទ្រផលិតផលខ្មែរ» ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានលើកឡើងថា កម្ពុជា ត្រូវផ្តោតការយកចិត្តទុកដាក់លើការស្រាវជ្រាវ ការធ្វើនវានុវត្តន៍ និងការកែច្នៃផលិតផលក្នុងស្រុក នៅក្នុងបរិបទ ដែលកម្ពុជា កំពុងមានជម្លោះជាមួយថៃ ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ និងការប្រកួតប្រជែង។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ការសិក្សាស្រាវជ្រាវមិនគួរបញ្ចប់ត្រឹមការសរសេរអត្ថបទវិទ្យាសាស្ត្រ ឬនិក្ខេបបទប៉ុណ្ណោះទេ ប៉ុន្តែត្រូវអភិវឌ្ឍឱ្យទៅជាផលិតផលពិត ដែលអាចដាក់លក់នៅលើទីផ្សារ។ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យគ្រឹះស្ថានឧត្តមសិក្សា អ្នកស្រាវជ្រាវ និងនិស្សិត ផ្តោតលើការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ជាពិសេសផលិតផលកសិកម្ម ដើម្បីកែច្នៃទៅជាផលិតផលដែលមានគុណភាព និងអាចប្រកួតប្រជែងបានទាំងក្នុង និងក្រៅប្រទេស។ ឯកឧត្តមបានលើកឧទាហរណ៍អំពីអង្ករ កន្ទក់ ពោត ល្ពៅ និងស្វាយចន្ទី ដែលសុទ្ធសឹងជាវត្ថុធាតុដើមមានសក្តានុពលសម្រាប់ការកែច្នៃទៅជាផលិតផលដែលមានតម្លៃបន្ថែម។
នៅចុងបញ្ចប់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានជំរុញឱ្យនិស្សិតហ៊ានគិត ហ៊ានសាកល្បង និងមិនភ័យខ្លាចការបរាជ័យ ដោយចាត់ទុកការបរាជ័យជាផ្នែកមួយនៃដំណើរការរៀនសូត្រ និងការបង្កើតនវានុវត្តន៍។ ឯកឧត្តម បានលើកទឹកចិត្តដល់និស្សិតទាំងអស់ ឱ្យបន្ដខិតខំសិក្សា អភិវឌ្ឍជំនាញ បង្កើតគំនិតថ្មីៗ និងបម្លែងចំណេះដឹងទៅជាផលិតផល និងសេវាកម្មដែលអាចបម្រើសង្គម និងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
ប្រភព៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា