ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា រំលែកទុក្ខ ព្រះតេជព្រះគុណ កឹម សុខា និងថា ខ្មែរត្រូវបន្តកសាងសាមគ្គីភាព និងឯកភាពជាតិឱ្យកាន់តែរឹងមាំ
 
ចែករំលែក ៖

នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់៧ថ្ងៃ ឧទ្ទិសកុសលជូនឧបាសិកា សៅ ង៉ែត ដែលជាញោមស្រីបង្កើតរបស់ព្រះតេជព្រះគុណ កឹម សុខា នៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានសម្តែងនូវក្តីសោក
ស្តាយយ៉ាងជ្រាលជ្រៅ និងចូលរួមរំលែកទុក្ខជាមួយ
ព្រះតេជព្រះគុណ កឹម សុខា និងញាតិញោម ចំពោះ
ការបាត់បង់អ្នកមានគុណជាទីគោរពស្រឡាញ់។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានលើកយកគតិអប់រំដ៏ឆ្នើមរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលតែងអប់រំឱ្យមន្ត្រីគ្រប់ថ្នាក់ឱ្យមានទាំង «ចំណេះដឹង និងគុណធម៌» និងបានថ្លែងថា ក្នុងនាមជាប្រជាជាតិខ្មែរតែមួយ យើងត្រូវតែចេះជួយយកអាសាគ្នា យោគយល់គ្នា និងរួមសុខរួមទុក្ខគ្នាគ្រប់គ្រាលំបាក។ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ក៏បានថ្លែងផងដែរថា ខ្មែរត្រូវតែបន្តកសាងសាមគ្គីភាព និងឯកភាពជាតិឱ្យកាន់តែរឹងមាំ។

ជាការឆ្លើយតប ព្រះតេជព្រះគុណ កឹម សុខា មានសង្ឃដីកាសម្តែងនូវសេចក្តីសោមនស្ស និងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលតែងតែបង្ហាញព្រហ្មវិហារធម៌ មេត្តាករុណា ការយោគយល់ និងការយកចិត្តទុកដាក់ជានិច្ចចំពោះរូបលោក និងក្រុមគ្រួសារ តាមរយៈការចូលរួមរំលែកទុក្ខ និងការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងក្នុងគ្រាកំពុងប្រឈមមុខនឹងទុក្ខសោក។

ព្រះតេជព្រះគុណ ក៏បានថ្លែងអំណរគុណដោយស្មោះអស់ពីចិត្តចំពោះ ឯកឧត្តមបណ្ឌិត អនុប្រធានទី២ ព្រឹទ្ធសភា ដែលបានចូលរួមក្នុងពិធីបុណ្យខួប៧ថ្ងៃនេះ ដែលជាការបង្ហាញពីគុណតម្លៃ និងគុណធម៌ជាអ្នកដឹកនាំ។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ