ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន បន្តជំរុញពលរដ្ឋទៅចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោត
 
ចែករំលែក ៖

ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ទាំង៧ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នា​ល្ងាច​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បាន​លើក​ទឹក​ចិត្ត ឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់​ ជំរុញពលរដ្ឋទៅចុះឈ្មោះ​និងពិនិត្យ​ឈ្មោះ​បោះ​ឆ្នោត​ ព្រមទាំងបានអំពាវ​នាវឱ្យគ្រប់គណបក្ស លើកទឹកចិត្តស្រ្តីនិងយុវជន ​ឈរឈ្មោះជាបេក្ខជន ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧។
 
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានជំរុញអាជ្ញាធរមូលដ្ឋាន ឱ្យខិតខំបម្រើសេវាសាធារណៈ ជូន​ប្រជា​ពល​រដ្ឋ​ឱ្យបានគាប់ចិត្ត និងយកចិត្តទុកដាក់លើការងារសន្តិសុខ សេដ្ឋកិច្ច សង្គមសោភ័ណភាពក្រុង និង​បង្ក្រាបការឆបោក។
 
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ក៏បានលើកអំពីការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងខណ្ឌមានជ័យ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រហូតដល់បច្ចុប្បន្ន ដោយមាន​ប្រសាសន៍​ថា តែមួយជំនាន់ប៉ុណ្ណោះ ខណ្ឌមានជ័យបានផ្លាស់ប្តូរពីទីវាលស្ងប់ស្ងាត់  ទៅជាទីប្រជុំជនរស់រវើក មានប្រជាពលរដ្ឋរស់នៅ រៀនសូត្រ ធ្វើអាជីវកម្ម ធ្វើការ និងកសាងអនាគតរបស់ពួកគេ។
 
ជាមួយការរីកចម្រើនយ៉ាងឆាប់រហ័សនេះ ក៏មានបញ្ហាប្រឈមថ្មីៗផងដែរ ហើយ ឯកឧត្តមបណ្ឌិត បានបញ្ជាក់យ៉ាងច្បាស់ថា ត្រូវពង្រឹងអភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រងខណ្ឌ ដើម្បីបន្តទទួលបាន​ស្ថេរភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា៕

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ