សភាកម្ពុជាចូលរួមសិក្ខាសាលាអាស៊ាន-ចិន លើកទី៣ នៅប៉េកាំង ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
 
ចែករំលែក ៖

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា អមដំណើរដោយ ឯកឧត្តម សន សារ៉ាណា សមាជិករដ្ឋសភា បានចូលរួមសិក្ខាសាលាលើកទី៣ សម្រាប់សមាជិកសភាអាស៊ាន ស្តីពី «ការពង្រឹងកិច្ចផ្លាស់ប្តូររវាងស្ថាប័ននីតិបញ្ញត្តិ ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចិន-អាស៊ាន» នៅរដ្ឋធានីប៉េកាំង។

ថ្លែងក្នុងពិធីបើក ឯកឧត្តម យស ផានីត្តា បានរំលឹកថា កាលពី៧០ឆ្នាំមុន នៅខែកុម្ភៈ ឆ្នាំ១៩៥៦ សម្តេចព្រះនរោត្តម សីហនុ បានយាងមកកាន់ទីក្រុងប៉េកាំងជាលើកដំបូង និងបានទទួលការស្វាគមន៍ពីលោកប្រធាន ម៉ៅ សេទុង។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះការថែទាំសុខភាពព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រមទាំងតួនាទីដឹកនាំរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ជាពិសេស «ការឯកភាពហ្វូស៊ាន» Fuxian Consensus  ដែលបានជួយពង្រឹងបទឈប់បាញ់ ផ្តល់ឱកាសដល់ការកសាងសន្តិភាពឡើងវិញ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណភាគីចិន ដែលតែងជួយឧបត្ថម្ភគាំទ្រ សម្រាលការលំបាក ដល់ជនភៀសសឹកកម្ពុជាផងដែរ។

ឆ្នាំនេះជាខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាស៊ាន-ចិន។ ពាណិជ្ជកម្មទ្វេភាគីបានឆ្លងផុត១ទ្រីលានដុល្លារ កាលពីឆ្នាំមុនៗ ចំណែកឯ ពាណិជ្ជកម្មកម្ពុជា ជាមួយអាស៊ាន ក្នុង៧ខែដំបូងឆ្នាំនេះ បានឡើងដល់ ១១,៦៨ ពាន់លានដុល្លារកើន ២០,៧ ភាគរយ។

ឯកឧត្តម ហឺ វ៉ី (He Wei) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន បានថ្លែងថា ចិន និងអាស៊ានចែករំលែកទន្លេ និងប្រភពទឹករួមគ្នា ជាមិត្តល្អ និងជាដៃគូល្អ។ ឯកឧត្តមបានលើកឡើងពីការថែរក្សាបរិស្ថាន ការអនុវត្ត RCEP ប្រកបដោយគុណភាព បញ្ញាសិប្បនិម្មិត និងថាមពលស្អាត ព្រមទាំងការគោរព «វិថីអាស៊ាន» ការផកសារភ្ជាប់អរិយធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ លើសពីនេះ ឯកឧត្តម ក៏បានជំរុញឱ្យសមាជិកសភាអាស៊ានទាំងអស់បន្តចែករំលែកបទពិសោធន៍នីតិបញ្ញត្តិតាមរយៈ សិក្ខាសាលាក្នុងតំបន់ AIPA និង IPU បន្ថែមទៀត។

សិក្ខាសាលានេះនឹងបន្តរយៈពេល ៧ថ្ងៃ ផ្តោតលើអភិបាលកិច្ច ថាមពលស្អាត កសិកម្ម ការតភ្ជាប់ សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិត។

ប្រភព៖ ខុទ្ទកាល័យ​ឯកឧត្តម អនុប្រធាន​ទី២ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ