









គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត ដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ ការប្រមូលចំណូលពន្ធ ឆមាសទី១ ឆ្នាំ២០២៦ សក្តានុពលសេដ្ឋកិច្ចខេត្ត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង។
ជំនួបពិភាក្សានេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាខេត្តស្វាយរៀង ដោយមានការអញ្ជេីញចូលរួមពី លោក លោកស្រី ដែលជា អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាល, ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ (សេដ្ឋកិច្ច, ពន្ធដារ, គយ, ធនាគារជាតិ, កសិកម្ម, សាធារណការ, ពាណិជ្ជកម្ម, សុខាភិបាល, រ៉ែ) និងប្រធាន-នាយករងទីចាត់ការ (ហិរញ្ញវត្ថុ, ច្រកចេញចូលតែមួយ, ផែនការ និងវិនិយោគ)។