ឯកឧត្តម ម៉ាន់ ឈឿន ដឹកនាំ​ក្រុមការងារចុះ​ពិនិត្យទីតាំង​អគារ​សិក្សា​ចាស់​​​ដែលបានរុះរើ នៅ​សាលា​បឋម​សិក្សា​កោះ​ដាច់
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានដឹកនាំក្រុមការងារ ដែលមានឯកឧត្តមបណ្ឌិត សន ពៅ នាយកខុទ្ទកាល័យឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា និងតំណាងអង្គការស្ពានមិត្តភាពកម្ពុជា-ហូឡង់ ព្រមទាំងមន្ត្រីការិយាល័យអមក្រុមភូមិភាគទី១ អញ្ជើញចុះពិនិត្យទីតាំងអគារសិក្សាចាស់ដែលបានរុះរើ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាកោះដាច់ ភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អគារសិក្សានេះ មានចំនួន៥បន្ទប់ និងជាអំណោយរបស់អង្គការយូនីសេហ្វ/ស៊ីដា (UNICEF/SIDA) ដែលបានសាងសង់ឡើងក្នុងឆ្នាំ១៩៩៨។ គិតមកដល់ឆ្នាំ២០២៦ អគារនេះមានអាយុកាល២៨ឆ្នាំហើយដោយសារមានសភាពចាស់ទ្រុឌទ្រោម និងលែងមានលទ្ធភាពធានាសុវត្ថិភាពសម្រាប់ការប្រើប្រាស់ ទើបបានផ្អាកការប្រើប្រាស់តាំងពីឆ្នាំ២០១៩ និងត្រូវបានរុះរើកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាន់ ឈឿន និងក្រុមការងារ បានជួបពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន គណៈកម្មការគ្រប់គ្រងសាលារៀន គណៈនាយក ព្រមទាំងលោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាកោះដាច់ ដើម្បីស្វែងយល់អំពីស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការចាំបាច់របស់សាលា ពាក់ព័ន្ធនឹងការសាងសង់អគារសិក្សាថ្មី។

ជាមួយគ្នានេះ ឯកឧត្តម ម៉ាន់ ឈឿន បានបង្ហាញក្តីសង្ឃឹមថា ការសាងសង់អគារសិក្សាថ្មីនឹងអាចប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខ ដើម្បីផ្តល់ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនូវបរិយាកាសសិក្សាដែលមានសុវត្ថិភាព សមរម្យ និងអំណោយផលដល់ការបង្រៀន និងការរៀន ព្រមទាំងចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំ និងបង្កើនបរិយាកាសសិក្សាឱ្យកាន់តែប្រសើរឡើងនៅសាលាបឋមសិក្សាកោះដាច់។

ប្រភព៖ ការិយាល័យ​អមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ