សភាកម្ពុជារៀបចំសិក្ខាសាលាស្តីពី ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ក្លាយជាឧបករណ៍សំខាន់សម្រាប់សភាកម្ពុជាក្នុងសម័យឌីជីថល
 
ចែករំលែក ៖

នៅព្រឹកថ្ងៃសៅរ៍ ១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ សភានៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយសភាប្រើប្រាស់ភាសាបារាំង និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានរៀបចំសិក្ខាសាលាស្តីពី «ក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិតនៅក្នុងសភា» ក្រោមអធិបតីភាពឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងជាអនុប្រធាននៃក្រុមសភាជាតិកម្ពុជាប្រើភាសាបារាំង នៅខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកា មន្ត្រីជាន់ខ្ពស់នៃព្រឹទ្ធសភា-រដ្ឋសភា តំណាងអង្គទូតនៃបណ្តាប្រទេសប្រើភាសាបារាំងប្រចាំនៅកម្ពុជា គណៈប្រតិភូសភាប្រើភាសាបារាំង (Assemblée parlementaire de la Francophonie – APF) ព្រមទាំងវាគ្មិនជំនាញជាតិ និងអន្តរជាតិ ប្រមាណចំនួន ១៤០នាក់។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពស្ថាប័នសភា និងដើរឱ្យទាន់ការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថល និងការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ក៏ដូចជាលើកកម្ពស់ការបង្កើនប្រសិទ្ធភាពការងារសភា ពង្រឹងសមត្ថភាពមន្ត្រីជំនាញឱ្យចេះទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា AI មកប្រើប្រាស់ជាជំនួយក្នុងការជំរុញល្បឿននិងប្រសិទ្ធភាពក្នុងប្រតិបត្តិការងារប្រចាំថ្ងៃ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌសភានិយាយភាសាបារាំងឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។
សិក្ខាសាលានេះ ផ្តោតលើប្រធានបទចំនួន៤ រួមមាន៖
១-ការយល់ដឹងអំពីបញ្ញាសិប្បនិម្មិត៖ ស្ថានភាព និងកាលានុវត្តភាព
២-តួនាទីសមាជិកសភានៅក្នុងក្របខ័ណ្ឌនៃបញ្ញាសិប្បនិម្មិត
៣-បទប្បញ្ញតិ្តនិងក្របខ័ណ្ឌនីតិកម្មនៃបញ្ញាសិប្បនិម្មិត
និង៤-ការទាញយកអត្ថប្រយោជន៍ពីឧបករណ៍បញ្ញាសិប្បនិម្មិតសម្រាប់កិច្ចការសភា។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ