khmer eng
  • គណៈកម្មការទី៩ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដឹកនាំដោយឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីឈ្វេងយល់វិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
    ជំនួបពិភាក្សានេះ ផ្តោតលើប្រធានបទសំខាន់ៗចំនួន ០៥គឺ៖
    ១-បច្ចុប្បន្នរបៀបវារៈដ៏សំខាន់របស់រាជរដ្ឋាភិបាល ស្តីពីក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ និងសេចក្តីព្រាងគោលនយោបាយនានារបស់រដ្ឋាភិបាលឌីជីថលកម្ពុជា ដែលបាននឹងកំពុងអនុវត្ត និងដំណើរការ។
    ២-អំពីដំណើរការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ ស្តីពីរដ្ឋាភិបាលឌីជីថល សេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ សេចក្ដីព្រាងច្បាប់ស្តីពីការការពារទិន្នន័យបុគ្គល(សិទ្ធិឯកជនភាព) និងសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនានា។
    ៣-បច្ចុប្បន្នពាក់ព័ន្ធនឹងការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនិងសេវាសាធារណៈ តើគម្រោងជាយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថលដំណើរការដល់ណា? ពិសេសការរៀបចំនិងពង្រឹង ហេដ្ឋារចនាសម្ព័ន្ធសន្តិសុខឌីជីថល ការកសាងអភិបាលកិច្ចនិងសេវាសាធារណៈឌីជីថល និងការកសាងមូលធនមនុស្សនិងនវានុវត្តន៍ឌីជីថល។
    ៤-អំពីគោលដៅជាយុទ្ធសាស្ត្រ និងចក្ខុវិស័យរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការជំរុញឱ្យ មានយន្តការនិងគោលដៅយូរអង្វែងក្នុងកិច្ចទំនាក់ទំនងជាមួយក្រសួង ស្ថាប័នរដ្ឋ និងស្ថាប័ននីតិប្បញ្ញតិ ទាក់ទងទៅនឹងការបណ្តុះបណ្តាលអក្ខរកម្មឌីជីថល និងជំនាញឌីជីថលដល់មន្ត្រីរាជការ បុគ្គលិក ក្រសួងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងក្រោមជាតិ ពិសេសកសាងមន្ត្រីបង្គោលបច្ចេកវិទ្យាតាមស្ថាប័ន។
    ៥-បច្ចុប្បន្នអង្គភាពទទួលបន្ទុកបរិវត្តកម្មឌីជីថលនៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ផ្ដើមដំណើរការហើយឬនៅ? គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា ចាប់អារម្មណ៍ខ្លាំងដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅថ្នាក់ក្រោមជាតិ (ថ្នាក់ឃុំ សង្កាត់) ក្នុងការបង្កើនការចូលរួម បង្កើនការឆ្លើយតប និងបង្កើនភាពជាតំណាងរបស់ព្រឹទ្ធសភា ក្នុងនោះមានដូចជា៖ យកចិត្តទុកដាក់ជាពិសេសលើយុវជន ជំរុញយុវជនសម្រាប់ការឈានមុខអភិវឌ្ឍន៍ខ្លួនតាមរយៈបច្ចេកវិទ្យា និងលើកទឹកចិត្តយុវជនចំពោះនវានុវត្តភាព។
    ទន្ទឹមនឹងនេះ គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា មានបំណងរួមប្រតិបត្តិការជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីការអភិវឌ្ឍឌីជីថលនៅថ្នាក់ក្រោមជាតិ និងគម្រោងក្នុងការផ្តល់សេវាអ៊ីនធឺណិតឱ្យបានទៅដល់បណ្តាឃុំដាច់ស្រយាល៕

    បន្ទាប់ពីជំនួបសវនាការចប់ គណៈប្រតិភូ គណៈកម្មការទី៩ បានទៅទស្សនកិច្ចមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខ (S.O.C)ដេីម្បីស្វែងយល់ អំពីមជ្ឈមណ្ឌលទិន្នន័យ សេវាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ នឹងសេវាហេដ្ឋារចនាសម្ព័ន្ធប្រតិបត្តិការប្រព័ន្ធឌីជីថលរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញប្រគល់សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ សំលៀកបំពាក់ ថ្នាំពេទ្យ និងថវិកា ជូនសាលាខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
    thumbnail
     
    គណៈប្រតិភូ គណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
    thumbnail
     
    គណៈប្រតិភូ គណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញចូលគោរពជូនពរឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
    thumbnail
     
    លិខិតជូនពររបស់ឯកឧត្តម ជាម សុផលមករា អគ្គនាយកព័ត៌មាន និងទំនាក់ទំនងសាធារណៈ គោរពជូន ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
    thumbnail
     
    ឯកឧត្តម លោកជំទាវសមាជិក សមាជិកាគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញចូលគោរពជូនពរលោកជំទាវ មាន សំអាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ