khmer eng
  • មុខងារសំខាន់ៗរបស់គណៈកម្មការនានា

            គណៈកម្មការ​នានា​របស់​​ព្រឹទ្ធសភា គឺជា​យន្តការ​ស្នូល​ជួយ​ទ្រទ្រង់​ដល់​ដំណើរ​ការ​អនុវត្ត​មុខ​ងារ​របស់​ព្រឹទ្ធសភា ក្នុង​នាម​ជា​កូន​ព្រឹទ្ធសភា​ (Mini-sénats) ។

            គណៈកម្មការនានារបស់ព្រឹទ្ធសភា មានមុខងារ សំខាន់ៗ ដូចខាងក្រោម :

    ១. មុខងារនីតិកម្ម

            កិច្ចការ​នីតិកម្មរបស់​គណៈ​កម្មការ​ជំនាញ​ ស្តែង​ឡើង​ តាម​រយៈ​ការ​ធ្វើ​របាយ​ការណ៍​របស់​គណៈ​កម្មការ​ ឬ​ការ​ផ្តល់​យោបល់​របស់​ខ្លួន​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ ឬ​សេច​ក្តី​ស្នើ​ច្បាប់​ ឬ​បញ្ហា​ទាំង​ពួង​ ដែល​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​ប្រគល់​ឱ្យ ដើម្បី​ពិនិត្យ​សិក្សា និង​រាយ​កាណ៍​ជូន​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍ និង​អង្គ​ប្រជុំ​ព្រឹទ្ធសភា​ពិនិត្យ​ និង​សម្រេច ។

            ក្នុង​ករណី​សេចក្តី​ព្រាង​ច្បាប់​ ឬ​សេចក្តី​ស្នើ​ច្បាប់​ ឬ​បញ្ហា​ទាំង​ពួង​ ពាក់​ព័ន្ធ​នឹង​សមត្ថ​កិច្ច​គណៈ​កម្មការ​ច្រើន គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​ សម្រេច​បញ្ជូន​ទៅ​គណៈ​កម្មការ​មួយ ឬ​ច្រើន​តាម​​វិស័យ​ជា​សមត្ថកិច្ច និង​សម្រេច​ចាត់​តាំង​គណៈ​កម្មការ​ណា​មួយ​ឱ្យ​ទទួល​បន្ទុក​ធ្វើ​របាយការណ៍​ និង​នាំ​យក​យោបល់​របស់​គណៈ​កម្មកា​រ មក​ជម្រាប​ជូន​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​ និង​អង្គ​ប្រ​ជុំ​ព្រឹទ្ធសភា ។

            គណៈ​កម្មការ​ជំនាញ​ មាន​សិទ្ធិ​ផ្តួត​ផ្តើម​គំនិត​ធ្វើ​ច្បាប់​ ទាក់​ទង​នឹង​វិស័យ​ជំនាញ​របស់​ខ្លួន​ មិន​ចាំ​តែ​ទទួល​យក​ សេចក្តី​ព្រាង​ច្បាប់​ ឬ​សេចក្តី​ស្នើ​ច្បាប់​ ឬ​បញ្ហា​ទាំង​ពួង​ ដែល​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​ ប្រគល់​ឱ្យ​ពិនិត្យ​សិក្សា​នោះ​ទេ ។

            ប្រធាន​គណៈកម្មកា​រ​ កាល​បើ​ពិនិត្យ​សេចក្តី​ព្រាង​ច្បាប់ ឬ​សេចក្តី​ស្នើ​ច្បាប់​ ឬ​បញ្ហា​ទាំង​ពួង​ ឬ​សំណើ​សុំ​កែ​សម្រួល​រួច​ហើយ ត្រូវ​ធ្វើ​លិខិត​ស្នើ​សុំ​មក​ប្រធាន​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា ដើម្បី​សុំ​ដាក់​បញ្ចូល​ក្នុង​របៀបវារៈ​ប្រ​ជុំ​គណៈ​កម្មា​ធិការ​អចិន្រ្តៃយ៍​ និង​អង្គ​ប្រជុំ​ព្រឹទ្ធសភា។

    ២. មុខងារតាមដានការអនុវត្តច្បាប់

            ក្នុង​​ចន្លោះ​​សម័យ​ប្រជុំ សមាជិក​ព្រឹទ្ធសភា​ ក៏​ដូចជា សមាជិក​គណៈ​កម្មការ​នានា ត្រូវ​បំពេញ​ការងារ​ជា​ប្រ​ក្រតី​ក្នុង​ព្រឹទ្ធសភា​ និង​ចុះ​ទៅ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​ប្រជា​ពលរដ្ឋ​ និង​អាជ្ញាធរ​ដែនដី​ក្នុង​ភូមិភាគ​របស់​ខ្លួន​ ។

            គណៈ​កម្មការ​នានា​ ត្រូវ​មាន​របាយ​ការណ៍​តាម​វិស័យ​ ជា​សមត្ថកិច្ច​ និង​សមាជិក​ព្រឹទ្ធសភា​ ត្រូវ​រាយ​ការណ៍​ជា​ លាយ​លក្ខណ៍​អក្សរ​ពី​សកម្មភាព​រៀងៗ​ខ្លួន​ ក្នុង​ចន្លោះ​សម័យ​ប្រជុំ​ជូន​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍ ដើម្បី​បូក​សរុប​រាយការណ៍​ជូន​សម័យ​ប្រជុំ​ព្រឹទ្ធសភា​ នា​ពេល​ខាង​មុខ ។

    ៣. មុខងារផ្តល់ព័ត៌មាន

            គណៈ​កម្មការ​ មាន​បេសក​កម្ម​ក្នុង​ការ​ធានា​ផ្តល់​ព័ត៌មាន​ជូន​សមាជិក​ សមាជិកា​ព្រឹទ្ធសភា​ អំពី​បញ្ហា​នានា​ ដែល​​ស្ថិត​ក្នុង​វិស័យ​ជា​សមត្ថ​កិច្ច​របស់​ខ្លួន​ ។ ក្នុង​ករណី​នេះ​ គណៈ​កម្មការ​អាច​ធ្វើ​ការ​សិក្សា​ទៅ​លើ​ព័ត៌មាន​ទាំងឡាយ ដែលចុះ​ផ្សាយ​ក្នុង​សារ​ព័ត៌មាន​ជាតិ និង​អន្តរ​ជាតិ របាយ​ការណ៍​ស្តីពី​ វឌ្ឍន​ការងារ​របស់​ក្រសួង​ ស្ថាប័ន​ជំនាញ ការ​រៀប​ចំ​សិក្ខា​សាលា​ វេទិកា​ជា​សាធារណៈ ការ​ជួប​ប្រា​ស្រ័យ​ជា​មួយ​ម្ចាស់ ​ឆ្នោត​ និង​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ភាគ​ ដើម្បី​ស្តាប់​មតិ​យោបល់ ឬ​សំណូម​ពរ ហើយ​ធ្វើ​ការ​សិក្សា ពិចារ​ណា​ និង​រាយ​ការណ៍​ជូន​គណៈ​កម្មា​ធិការ​អចិន្រ្តៃយ៍​ និង​ព្រឹទ្ធសភា ។