khmer eng
  • តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ព្រឹទ្ធសភា

            ភារកិច្ច​សម្រប​សម្រួល​ការងារ​រវាង​រដ្ឋសភា​ និង​រាជ​រដ្ឋា​ភិបាល​ ដែល​បញ្ញត្តិ​ដោយ​មាត្រា​១១២​ថ្មី​ នៃ​រដ្ឋ​ធម្មនុញ្ញ គឺ​ជា​តួនាទី​នយោបាយ​របស់​ព្រឹទ្ធសភា ។

            ព្រឹទ្ធសភា​ ជា​អង្គការ​ដែល​មាន​អំណាច​នីតិប្បញ្ញត្តិ​ ហើយ​បំពេញ​កិច្ចការ​របស់​ខ្លួន​ ដូច​បាន​កំណត់​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ និង​ច្បាប់​ជា​ធរមាន​ (វាក្យ​ខ័ណ្ឌ​ទី១​ មាត្រា​៩៩ថ្មី​ នៃ​រដ្ឋ​ធម្មនុញ្ញ)​ ។

            ក្នុង​នាម​ជា​ចំណែក​មួយ​នៃ​អង្គ​នីតិប្បញ្ញត្តិ​ ព្រឹទ្ធសភា​ មាន​មុខងារ​សំខាន់​ៗ​ ដូច​ខាង​ក្រោម​ ៖

    ១. មុខងារនីតិកម្ម  

            ការ​ពិនិត្យ​ និង​ឲ្យ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ ឬ​សេចក្តី​ស្នើ​ច្បាប់​ ឬ​បញ្ហា​ទាំង​ពួង​ ព្រឹទ្ធសភា​អនុវត្តន៍​តាម​បទ​ប្បញ្ញត្តិ​មាត្រា​១១៣​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​ ។

            ជាទូទៅ​ការពិនិត្យ​ និង​ឲ្យ​យោបល់​ ផ្តើម​ឡើង​ដោយ​ការ​បង្ហាញ​របាយ​ការណ៍​របស់​គណៈ​កម្មការ​ ការ​ឆ្លើយ​បំភ្លឺរបស់តំណាង​រាជ​រដ្ឋាភិបាល​ ម្ចាស់​សេចក្តី​ព្រាង​ច្បាប់​ ឬ​សេចក្តី​​ស្នើច្បាប់​ ឬ​បញ្ហា​ទាំង​ពួង​ (ប្រការ​៥៧​ នៃ​បទ​បញ្ជា​ផៃ្ទ​ក្នុង​ព្រឹទ្ធសភា​) ។

            មាត្រា​៩១ថ្មី​ វាក្យ​ខ័ណ្ឌ​ទី១​នៃ​រដ្ឋ​ធម្មនុញ្ញ​ បាន​ចែង​ថា​ សមាជិក​ព្រឹទ្ធសភា​ សមាជិក​រដ្ឋសភា​ និង​នាយក​រដ្ឋ​មន្ត្រី​មាន​សិទ្ធិ​ផ្តួច​ផ្តើម​ធ្វើ​ច្បាប់។ ព្រម​ជា​មួយ​នេះ​ តាម​ការ​បក​ស្រាយ​ របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ចុះ​ថ្ងៃទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០១៥​ បាន​បញ្ជាក់​នៅ​ត្រង់​វាក្យ​ខ័ណ្ឌ​ទី១​ « ​សមាជិក​ព្រឹទ្ធសភា​មួយ​រូប​ ឬ​ច្រើន​រូប​ មាន​សិទ្ធិ​ផ្តួច​ផ្តើម​គំនិត​ធ្វើ​សេចក្តី​ស្នើ​ច្បាប់​ និង​ធ្វើ​វិសោធន​កម្ម​ច្បាប់​ណា​មួយ​ដែល​កំពុង​នៅ​ជា​ធរមាន​ ​» ។ ប៉ុន្តែ​ ពុំ​មាន​សិទ្ធិ​លើក​សំណើ​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​​ឡើយ​ (មាត្រា​១៥៣​ថ្មី​ នៃ​រដ្ឋធម្មនុញ្ញ​) ។ បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ បទ​បញ្ជា​ផ្ទៃ​ក្នុង​ព្រឹទ្ធសភា​ និង​ច្បាប់​រៀប​ចំ​អង្គការ​ទាំង​ឡាយ​ ត្រូវ​តែ​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​ មុន​នឹង​ប្រកាស​ឲ្យ​ប្រើ​ ។

            មាត្រា​១១០ថ្មី​ វាក្យ​ខ័ណ្ឌ​ទី១​ នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា​ ប្រធាន​ព្រឹទ្ធសភា​ដឹក​នាំ​អង្គ​ប្រជុំ​របស់​ព្រឹទ្ធសភា​ ទទួល​អាញត្តិ​ច្បាប់​ និង​សេចក្តី​សម្រេច​ចិត្ត​ទាំង​ឡាយ​ ដែល​​ព្រឹទ្ធសភា​បាន​អនុម័ត​ រ៉ាប់​រង​ការ​អនុវត្ត​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​ព្រឹទ្ធសភា​ និង​ចាត់​ចែង​ការ​ទាក់​ទង​អន្តរ​ជាតិ​ទាំង​ឡាយ​របស់​ព្រឹទ្ធសភា​។

    • សម្គាល់ ៖

            ចាប់តាំងពីឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០១៩ ព្រឹទ្ធសភា បានផ្តួចផ្តើមគំនិត និងចូលរួមធ្វើសេចក្តីស្នើច្បាប់ ដូចខាង ក្រោម ៖

    ១- ច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការនៃក្រុមនីតិប្បញ្ញត្តិ(ឆ្នាំ២០០៣) ។

    ២- ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា (២០០៥ និង២០១៧) ។

    ៣- ច្បាប់ស្តីពីលក្ខន្តិកៈសមាជិកព្រឹទ្ធសភា(ឆ្នាំ២០០៨)។

    ៤- ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា (ឆ្នាំ២០១១)។

    ៥- បទបញ្ជាផ្ទៃក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា(ឆ្នាំ២០១១) ។

            ព្រឹទ្ធសភា​បាន​ស្នើ​សុំ​កែ​សម្រួល​សេចក្តី​ព្រាង​ច្បាប់​ ដូច​ខាង​ក្រោម​ ៖

    ១- សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​បង្កើត​ក្រសួង​កិច្ចការ​នា​រី និង​អតីត​យុទ្ធជន​ (មាត្រា៣​ សុំ​ឱ្យ​លុប​ចោល​ពាក្យ​ “ជា​នារី​” ) ។

    ២- សេចក្តី​ព្រាង​ច្បាប់​ស្តីពី​កា​រគ្រប់​គ្រង​លើ​ការ​ប្រកប​វិជ្ជា​ជីវៈ​ឯកជន​ ក្នុង​វិស័យ​វេជ្ជ​សាស្ត្រ​អម​វេជ្ជ​សាស្ត្រ​ និង​ជំនួយ​វេជ្ជ​សាស្ត្រ​ (មាត្រា​៣​ ចំណុច​ទី៤​ នៃ​ជំពូក​ទី១​ សុំ​ដាក់​ថា​ “ មិន​ដែល​មាន​ទោស​ជាប់​ពន្ធ​នាគារ​ពី​បទ​មជ្ឈឹម​ឬ​បទ​ឧក្រិដ្ឋ​ណា​​មួយ​ ” )។

            ដោយ​ឡែក​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ស្ថាន​ទម្ងន់​ទោស​នៃ​បទ​ឧក្រឹដ្ឋ​ ត្រូវ​បាន​ព្រឹទ្ធសភា​បដិសេធ​ជា​អសារ​បង់​ ។​

    ២. មុខងារតាមដានការអនុវត្តច្បាប់

            ដើម្បី​បំពេញ​មុខ​ងារ​តាម​ដាន​ការ​អនុវត្ត​ច្បាប់​ ព្រឹទ្ធសភា​មាន​គណៈ​កម្មការ​ចំនួន​១០​ ទទួល​ខុស​ត្រូវ​តាម​វិស័យ​ជា​សមត្ថ​កិច្ច​របស់​ខ្លួន​ ។ គណៈ​កម្មការ​នីមួយ​ៗ​ បំពេញ​​ការងារ​ទៅ​តាម​តួនាទី​ ភារកិច្ច​ និង​សមត្ថកិច្ច​ ដែល​កំណត់​ ដោយ​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​នៃ​ព្រឹទ្ធសភា​ ។​ គណៈ​កម្មការ​នីមួយ​ៗ​ មាន​ផែនការ​សកម្មភាព​របស់​ខ្លួន​ប្រចាំ​ខែ​ ត្រីមាស​ ឆមាស​ និងឆ្នាំ​ ។​ ជាពិសេស​នៅ​ចន្លោះ​សម័យ​ប្រជុំ​​នីមួយ​ៗ​ គណៈ​កម្មការ​តែង​ចុះ​ទៅ​បំពេញ​មុខងារ​នេះ​ តាម​ក្រសួង​ មន្ទីរ​ រាជធានី​ ខេត្ត​ ដើម្បី​ពិនិត្យ​មើល​ការ​អនុវត្ត​ច្បាប់​ និង​រាយ​ការណ៍​ជូន​គណៈ​កម្មាធិការ​អចិន្រ្តៃយ៍​ពិនិត្យ​ និង​សម្រេច​ ។

            ព្រឹទ្ធសភា​ ពុំ​មាន​សិទ្ធិ​កោះ​អញ្ជើញ​សមាជិក​រាជ​រដ្ឋា​ភិបាល​ មក​សួរ​ដេញ​ដោល​ចំពោះ​មុខ​គណៈ​កម្មការ​ ឬ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​ លើ​បញ្ហា​បច្ចុប្បន្ន​ភាព​ណា​មួយ​ដូច​រដ្ឋសភា​ឡើយ​ ។ ប៉ុន្តែ​នៅ​ពេល​ពិនិត្យ​ និង​ឱ្យ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ គណៈ​កម្មការ​មាន​សិទ្ធិ​អញ្ជើញ​សមាជិក​រាជ​​រដ្ឋា​ភិបាល​ ឬ​ម្ចាស់​សេចក្តី​ព្រាង​ច្បាប់​ មក​បំភ្លឺ​ចំពោះ​មុខ​គណៈកម្មការ​ និង​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្​គព្រឹទ្ធសភា​បាន​ ។​

    ៣. មុខងារតំណាង

            សមាជិក​ព្រឹទ្ធសភា​ក្នុង​ព្រឹទ្ធសភា​ គឺ​ជា​តំណាង​របស់​ប្រជា​ជាតិ​ខ្មែរ​ទាំង​មូល​ ពុំ​មែន​គ្រាន់​តែ​ជា​តំណាង​ ឱ្យ​ភូមិ​ភាគ​របស់​ខ្លួន​នោះ​ទេ​ (មាត្រា​២​ នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​សមាជិក​ព្រឹទ្ធសភា​) ។​

            មាត្រា​១០​ នៃ​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​ បាន​ចែង​ថា​ អ្នក​បោះ​ឆ្នោត​ និង​អង្គ​បោះ​ឆ្នោត​ គឺ​ជា​តំណាង​រាស្ត្រ​ក្នុង​តំណែង​ និង​សមាជិក​ក្រុម​ប្រឹក្សា​ ឃុំ សង្កាត់​ទាំង​អស់​ក្នុង​មុខ​តំណែង​ នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​​ភូមិភាគ​នីមួយ​ៗ​ ។​

            ភាព​ជា​តំណាង​ ក្រុម​ប្រឹក្សា​ ឃុំ សង្កាត់​ នាំ​ឱ្យ​ព្រឹទ្ធសភា​មាន​បេសក​កម្ម​ផ្ទាល់​របស់​ខ្លួន​ ក្នុង​លក្ខណៈ​ជា​ពិសេស​មួយ​ ដោយ​ត្រូវ​ផ្សារ​ភ្ជាប់​ការងារ​របស់​ខ្លួន​ទៅ​នឹង​កិច្ច​ការពារ​ និង​ លើក​តម្កើង​ផល​ប្រយោជន៍​របស់​ក្រុម​ប្រឹក្សា ឃុំ សង្កាត់​ទូ​ទាំង​ប្រទេស​ រួម​ទាំង​ភូមិភាគ​ទាំង៨​ទៀត​ផង​ ។ ដូច្នេះ​ ព្រឹទ្ធសភា​ មាន​កាតព្វ​កិច្ច​ចូល​រួម​ចំណែក​យ៉ាង​ខ្ជាប់​ខ្ជួន​ ក្នុង​ការ​តាម​ដាន​មើល​ការ​អនុវត្ត​គោល​នយោបាយ​វិមជ្ឈការ​ និង​វិសហ​មជ្ឈកា​រ ពោល​គឺ​ជួយ​ជំរុញ​ធ្វើ​ឲ្យ​មាន​កា​រអភិវឌ្ឍ​ បាន​ត្រឹម​​ត្រូវ​តាម​គោល​ការណ៍​នៃ​លទ្ធិ​ប្រជា​ធិប​តេយ្យ និង​នីតិរដ្ឋ ។

            ក្នុង​ចន្លោះ​សម័យ​ប្រជុំ​ សមាជិក​ព្រឹទ្ធសភា​ ក៏​ដូច​ជា​សមាជិក​គណៈ​កម្មការ​នានា​ ត្រូវ​បំពេញ​ការងារ​ជា​ប្រ​ក្រតី​ ក្នុង​ព្រឹទ្ធសភា​ និង​ចុះ​ទៅ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​ប្រជា​ពលរដ្ឋ​ និង​អាជ្ញា​ធរ​ដែន​ដី​ក្នុង​ភូមិភាគ​របស់​ខ្លួន​ ដើម្បី​ផ្តល់​ព័ត៌មាន​ជូន​តំណាង​របស់​ខ្លួន​ អំពី​សកម្មភាព​ការងារ​រយៈ​ពេល​ បី​ខែ​ ក្នុង​សម័យ​ប្រជុំ​នីមួយ​ៗ​ ព្រម​ទាំង​ឈ្វេង​យល់​លម្អិត​អំពី​សេចក្តី​ត្រូវ​ការ​ចាំ​បាច់​របស់​ប្រជា​ពលរដ្ឋ និង​ក្រុម​ប្រឹក្សា ឃុំ សង្កាត់ ដែល​ជា​ម្ចាស់​ឆ្នោត​ នៅ​ក្នុង​មណ្ឌល​ភូមិភាគ​របស់​ខ្លួន​ ។ ជា​ទូ​ទៅ​ ការ​អនុវត្ត​ជាក់​ស្តែង​របស់​ព្រឹទ្ធសភា​កន្លង​មក​នេះ ដើម្បី​បំពេញ​មុខ​ងារ​តំណាង​ឱ្យ​បាន​សម​ស្រប​ ក្រុម​សមាជិក​ព្រឹទ្ធសភា​តាម​ភូមិ​ភាគ​នីមួយ​ៗ​ តែង​ចុះ​ទៅ​ប្រា​ស្រ័យ​ ទាក់​ទង​ការ​ងារ​ផ្ទាល់​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​ និង​ក្រុម​ប្រឹក្សា ឃុំ សង្កាត់ ក្នុង​ភូមិភាគ​របស់​ខ្លួន​ ដើម្បី​រៀប​ចំ​វេទិកា​ថ្នាក់​ភូមិ​ភាគ​ ថ្នាក់​ខេត្ត ​ថ្នា​ក់ក្រុង​ ស្រុក ខណ្ឌ ដោយ​កំណត់​នូវ​ប្រធាន​បទ​បច្ចុប្បន្ន​ភាព​ជាក់​លាក់​ និង​បញ្ហា​ប្រឈម​នានា​ ដើម្បី​ដោះស្រាយ​ ព្រម​ទាំង​រាយ​ការណ៍​ជូន​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​ពិនិត្យ សម្រេច​នៅ​ក្នុង​សម័យ​ប្រជុំ​បន្ទាប់ ។

            ដោយ​ឡែក ក្រុម​សមាជិកា​ព្រឹទ្ធសភា​ បាន​សកម្ម​បំពេញ​ភារ​កិច្ច​របស់​ខ្លួន​ នៅ​តាម​មូលដ្ឋាន​នៃ​ភូមិ​ភាគ​ទាំង​៨​ ដើម្បី​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នា​នា​ ដែល​កើត​មាន​ឡើង​ចំពោះ​ស្រ្តី និង​កុមារ សមាជិកា​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់ និងតាម​រយៈការ​រៀប​ចំ​កម្ម​វិធី​វេទិកា កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ផ្សេងៗ​ ព្រម​ទាំង​សកម្មភាព​មនុស្ស​ធម៌ ផ្តល់​នូវ​អំណោយ​ជា​ សម្ភារៈ ថវិកា ការ​នាំ​ក្រុម​គ្រូពេទ្យ​ចុះ​ព្យាបាល​ជំងឺ ជូន​ស្រ្តី​ក្រីក្រ ជន​ចាស់​ជរា និង​កុមារ ។

    ៤. មុខងារសហប្រតិបត្តិការអន្តរជាតិ

            ក្នុង​កិច្ច​សហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ​ ព្រឹទ្ធសភា​បាន​បំពេញ​ការងារ​យ៉ាង​សកម្ម​ ក្នុង​ការ​ចូល​រួម​អនុវត្ត​កាតព្វ​កិច្ច​អន្តរ​ជាតិ​ និង​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ​ជា​មួយ​សភា និង​អង្គការ​សភា​នានា​ក្នុង​តំបន់​ និង​ពិភព​លោក ។ ក្នុង​គ្រប់​នីតិកាល​ ព្រឹទ្ធសភា​បាន​ចាត់​ទុក​កិច្ច​សហ​ប្រតិ​បត្តិការ​អន្តរជាតិ ជា​កម្លាំង​ស្នូល​នៃ​ការ​អភិវឌ្ឍ​ស្ថាប័ន ។

    ៥. មុខងារអភិវឌ្ឍស្ថាប័ន

            ព្រឹទ្ធសភា​ មាន​មោទន​ភាព​លើ​សមិទ្ធ​ផល​ជា​ស្នាដៃ​ នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ថ្នាក់​ដឹកនាំ​ សមាជិក​ សមាជិកា​ព្រឹទ្ធសភា​ អគ្គ​លេខា​ធិការ​ដ្ឋាន​ គួប​ផ្សំ​នឹង​កិច្ច​សហ​ប្រតិ​បត្តិការ​ដ៏​មាន​តម្លៃ​ ទាំង​ពហុ​រូបភាព​ និង​ពហុ​វិស័យ​ ដែល​មិន​អាច​ខ្វះ​បាន​ពី​ដៃ​គូ​អភិវឌ្ឍន៍​នានា ដើម្បី​ជំរុញ និង​ពង្រឹង​សមត្ថភាព​ព្រឹទ្ធសភា​ទាំង​ផ្នែក​ធន​ធាន​មនុស្ស និង​ការ​អភិវឌ្ឍ​ស្ថាប័ន ។