khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ៖ កម្ពុជាមិនចង់មានសង្រ្គាមជាមួយប្រទេសជិតខាងទេ ប្រជាជនកម្ពុជាចង់បានសន្តិភាព ហើយកម្ពុជាប្រកាន់គោលនយោបាយឯករាជ្យ អព្យាក្រឹត និងមិនចូលបក្សសម្ព័ន្ធ
     
    ចែករំលែក ៖

    ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្រ្តីរាជការ ប្រជាពលរដ្ឋចំនួន២២៨នាក់ នៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) បានគូសបញ្ជាក់ថា កម្ពុជាមិនចង់មានសង្រ្គាមជាមួយប្រទេសជិតខាងទេ ហើយប្រជាជនកម្ពុជាចង់បានសន្តិភាព។ ទន្ទឹមគ្នានេះ ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិតខ្ពស់របស់សម្តេចតេជោ និងក្រោមការដឹកនាំប្រកបដោយថាមពលរបស់សម្តេចបវរធិបតី កម្ពុជាបានប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ អព្យាក្រឹតជាអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។
    ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានជម្រាបអំពីការរៀបចំនិងការប្រព្រឹត្តទៅព្រឹទ្ធសភានីតិកាលទី៥ និងបានរំលឹកអំពីមូលហេតុ និងសភាពការណ៍វិវត្តថ្មីៗ នៃការឈ្លានពានយ៉ាងគឃ្លើនរបស់ប្រទេសថៃ មកលើទឹកដីកម្ពុជា ដែលមានតាំងពីយូរណាស់មកហើយរហូតមកដល់បច្ចុប្បន្ននេះ។ ចំពោះបញ្ហាព្រំដែននេះ ទាំងសម្តេចតេជោ និងសម្តេចបវរធិបតី បានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជម្លោះព្រំដែននេះ ដោយភាពអត់ធ្មត់ សន្តិវិធី ផ្អែកលើច្បាប់ លើធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញអាស៊ាន និងតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីនិរន្តរភាពសន្តិភាពសម្រាប់ប្រជាជនទាំងពីរកម្ពុជា និងថៃ។
    ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានវាយតម្លៃខ្ពស់ចំពោះវីរភាពដ៏អង់អាចក្លាហានមោះមុតរបស់វីរយុទ្ធជនដែលបាននិងកំពុងលះបង់កម្លាំងកាយ ចិត្ត បូជាអាយុជីវិត តស៊ូ អត់ធ្មត់ ក្រាញននៀល ក្នុងការការពារជាតិមាតុភូមិកម្ពុជា និងបានសម្តែងនូវមោទនភាពជាតិខ្ពស់ចំពោះស្មារតីស្នេហាជាតិរបស់បងប្អូនជនរួមជាតិទាំងអស់ ដែលបានរួបរួមជាកម្លាំងមហាសាមគ្គីឯកភាពជាតិជាធ្លុងមួយ ដើម្បីវាយបំបាក់ពីការឈ្លានពានរបស់ប្រទេសថៃ និងការរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក។ ទាំងអស់នេះ អាចបញ្ជាក់បានថា គ្មានអ្នកណាមកស្រឡាញ់ខ្មែរជាងខ្មែរនោះទេ។
    ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានជម្រាបអំពីមូលហេតុនៃការរៀបចំច្បាប់ដកសញ្ជាតិ និងបានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការញុះញង់របស់ក្រុមជនជ្រុលនិយមមួយក្តាប់តូច ដែលតែងតែបកស្រាយព្រឹត្តិការណ៍ខុសស្រឡះពីការពិត បំបាក់ស្មារតីកងទ័ព គប់គិតជាមួយបរទេស និងធ្វើសកម្មភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។
    ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានជួយពន្យល់ណែនាំដល់ពលករយើងដែលត្រឡប់មកពីប្រទេសថៃ ឱ្យប្រកបរបបរកស៊ី ឬធ្វើការនៅក្នុងស្រុកយើងវិញ ប្រសើរជាងទៅធ្វើការនៅស្រុកគេ ដែលទទួលរងការប្រមាថមើលងាយ។
    ជាទីបញ្ចប់ ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងពរជ័យរបស់ សម្តេចតេជោ ប្រមុខរដ្ឋស្ដីទី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកជើងព្រៃ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម សត ណាឌី លោកជំទាវ ឯម ផលាមុនី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនភៀសសឹក​ នៅខេត្តសៀមរាប
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញចែកអំណោយជូនគ្រួសារជនភៀសសឹកចំនួន១០២គ្រួសារ មកស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចុះជួបសំណេះសំណាល និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក សាន សំអៃ ដែលពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយនឹងការឈ្លានពានរបស់សៀម តំបន់ជាំតែ ខេត្តព្រះវិហារ
    thumbnail
     
    ឯកឧត្តម ញ៉ូវ សុង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយឯក ស្វាយ  សារិទ្ធ ដែលបានពលីក្នុងពេលប្រយុទ្ធការពារជាតិមាតុភូមិជាមួយខ្មាំងសៀមឈ្លានពាន