នាព្រឹកថ្ងៃអង្គារ ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមភាគទី២ (ខេត្តកំពង់ចាម និងខេត្បូងឃ្មុំ) ដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុម អមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួស ខែរ៉ាម៉ាឌន ជូនប្រជាពលរដ្ឋខ្មែរ-អ៉ិស្លាម ប្រមាណជាង៤០០គ្រួសារ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម និងឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ។ក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងជម្រាបជូនពីសភាពការណ៍ដែលបាន និងកំពុងកើតមាននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានសម្តែងនូវការគោរពដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពជួរមុខកម្ពុជានៅតាមបណ្តោយព្រំប្រទល់កម្ពុជា-ថៃ ដែលបានក្រាញននាល តស៊ូពុះពារគ្រប់បែបយ៉ាងក្នុងការការពារបូរណភាពទឹកដីកម្ពុជាពីការឈ្លានពានដ៏ព្រៃផ្សៃដោយកងទ័ពថៃ។ ឯកឧត្តម បានគូសបញ្ជាក់ថាការឈឺចាប់របស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលបង្កឡើងដោយអំពើឈ្លានពាននេះ បានប្រែក្លាយជាកម្លាំងចលករ ជំរុញឱ្យកម្លាំងមហាសាមគ្គី និងឯកភាពជាតិកាន់តែរឹងមាំខ្លាំងក្លាថែមទៀត រួបរួមគ្នាជុំវិញសម្តេចតេជោ ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការចាត់វិធានការការពារបូរណភាពទឹកដី សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។ទន្ទឹមនឹងអបអរសាទរបុណ្យរ៉ាម៉ាឌន ឯកឧត្តម ប្រធានស្ដីទីព្រឹទ្ធសភា បានមានប្រសាសន៍ថា ទោះជាបងប្អូនមាននិន្នាការនយោបាយ ជំនឿសាសនាផ្សេងៗគ្នាយ៉ាងណាក៏ដោយ តែកុំភ្លេចថាខ្លួនយើងទាំងអស់គ្នាមានឈាមជ័រតែមួយគឺខ្មែរ ដែលចាំបាច់ត្រូវរក្សាឱ្យបាននូវស្មារតីសាមគ្គីភាព រួមគ្នាការពារជាតិមាតុភូមិ និងតម្កល់ខ្ពស់បំផុតនូវផលប្រយោជន៍ប្រទេសជាតិជាងអ្វីៗទាំងអស់។ឯកឧត្តម ប្រធានស្តីទីព្រឹទ្ធសភា បានអំពាវនាវឱ្យសិស្សានុសិស្សខ្មែរ-អ៊ិស្លាម ទាំងអស់ខិតខំរៀនសូត្រដើម្បីយកចំណេះដឹង និងមុខជំនាញ ដើម្បីចូលរួមចំណែកក៏សាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន សមស្របតាមពាក្យស្លោក ទំពាំងស្នងឫស្សី និងជាអ្នកបន្តវេនសម្រាប់ប្រទេសជាតិនាពេលអនាគត។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធានស្ដីទីព្រឹទ្ធសភា បានរំឭកឱ្យបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នចំពោះការឃោសនា អុជអាលបំបែកបំបាក់សង្គមជាតិ ពីសំណាក់ពួកជនអគតិមួយចំនួនតូច ដើម្បីផលប្រយោជន៍នយោបាយផ្ទាល់របស់ខ្លួន ដែលជាគ្រោះហានិភ័យចំពោះអនាគតប្រទេសជាតិ និងបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានពួតដៃគ្នា ថែរក្សាសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ហើយមានជំនឿជឿជាក់លើការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ប្រភព៖ នាយកដ្ឋានព័ត៌មាន