អង្គការលេខ
១. រចនាសម្ព័ន្ធនយោបាយ
ព្រឹទ្ធសភាមានគណៈកម្មាធិការអចិន្ត្រៃយ៍មួយ មានភារកិច្ច ដឹកនាំ ចាត់ចែង និងពិនិត្យសម្រេចរាល់សកម្មភាពផេ្សងៗរបស់ព្រឹទ្ធសភា ក្នុងលក្ខខណ្ឌកំណត់នៃបទបញ្ជាផ្ទៃក្នុង ព្រមទាំងមានគណៈកម្មការនានា ដែលទទួលបន្ទុក ការងារតាមវិស័យជាសមត្ថកិច្ច ។
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា មានប្រធានព្រឹទ្ធសភាជាប្រធាន និងមានអនុប្រធានទាំងពីរនៃព្រឹទ្ធសភា និង ប្រធានគណៈកម្មការនានាជាសមាជិក ។
គណៈកម្មការនានារបស់ព្រឹទ្ធសភា ប្រតិបត្តិការងារទៅតាមតួនាទី ភារកិច្ច និងសមត្ថកិច្ចដែលកំណត់ដោយគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ។
ក្រៅពីគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការនានា និងគណៈកម្មការពិសេស ព្រឹទ្ធសភាមានក្រុមផ្សេងៗដែលបានបង្កើតឡើងតាមបញ្ញត្តិប្រការ១១ថ្មី និងប្រការ៣៨ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ដូចខាងក្រោម ៖
• ក្រុមសមាជិកព្រឹទ្ធសភា (ក្រុមនយោបាយ/ក្រុម ពិភាក្សា)
• ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨
• ក្រុមសមាជិកាព្រឹទ្ធសភា
• គណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា
• អ្នកនាំពាក្យព្រឹទ្ធសភា
• ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយព្រឹទ្ធសភា
• ក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយបណ្តាស្ថាប័នអន្តរសភា (ក្រុមពហុភាគី ) ៖
+ មហាសន្និបាតអន្តរសភាអាស៊ាន ( ASEAN Inter-Parliamentary Assembly) (AIPA)
+ សហភាពអន្តរសភា (Inter-Parliamentary Union ) (IPU)
+ សភានិយាយភាសាបារាំង(Parliamentary Assembly of the Francophonie)(APF)
+ អន្តរសភាកម្ពុជា ឡាវ វៀតណាម (Cambodia-Laos-Vietnam Inter-Parliamentary)(CLV)
+ មហាសន្និបាតសភាតំបន់អាស៊ី (Asia Parliamentary Assembly)(APA) + វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Parliamentary Forum)(APPF) + អន្តរសភា នៃភាពជាដៃគូអាស៊ី-អឺរ៉ុប (Asia-Europe Parliamentary Partnership)(ASEP)
• ក្រុមមិត្តភាពព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយសភាបណ្តាប្រទេស (ក្រុមទ្វេភាគី) ៖
+ សភានៃសាធារណរដ្ឋបារាំង (FRANCE)
+ សភាសហព័ន្ធវាឡូនី-ប្រ៊ុចសែល (FEDERATON WALLONIE-BRUXELLS)
+ សភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (LAOS)
+ សភាសាធារណរដ្ឋសង្គមនិយមវៀតណាម (VIETNAM)
+ សភាក្រុមប្រឹក្សានយោបាយប្រជាជនចិន (CHINA)
+ សភាជប៉ុន(JAPAN)
+ សភាអូស្រ្តាលី និងញូហ្ស៉ឺឡែន (AUSTRALIA & NEW ZEALAND)
+ សភាព្រះរាជាណាចក្រថៃឡងដ៏ (THAILAND)
+ សភាតួកគី (TURKEY)
+ ក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៉ី(RUSSIA)
+ សភាម៉ុងហ្គោលី (MONGOLIA)
+ សភាកូរ៉េខាងត្បូង (SOUTH KOREA)
+ សភាសាធារណរដ្ឋឥណ្ឌា (INDIA) + សភាសហព័ន្ធមីយ៉ាន់ម៉ា (MYANMAR) ។
គណៈកម្មការក្រមសីលធម៌ និងក្រុមទាំងនេះរបស់ព្រឹទ្ធសភាដំណើរការការងារទៅតាមតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងមានរបបថវិកាប្រចាំខែសម្រាប់បំពេញការងារ ។ តួនាទី ភារកិច្ច សមត្ថកិច្ច និងរបបថវិកាប្រចាំខែរបស់ក្រុមទាំងនេះត្រូវកំណត់ដោយគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ។
២. រចនាសម្ព័ន្ធរដ្ឋបាល
នៅរៀងរាល់ដើមនីតិកាលនីមួយៗ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំព្រឹទ្ធសភាបានហើយ ប្រធានព្រឹទ្ធសភា ដោយមានការឯកភាពពីអនុប្រធានទំាងពីររបស់ខ្លួន ស្នើសុំទៅព្រះមហាក្សត្រតែងតាំងឥស្សរជនជាន់ខ្ពស់មួយរូបជាអគ្គលេខាធិការ និងអគ្គលេខាធិការរងមួយចំនួនតាមការចាំបាច់ ដើម្បីដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ។
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ទទួលបន្ទុកធ្វើកំណត់ហេតុរបស់ព្រឹទ្ធសភា គណៈកម្មាធិការអចិន្រៃ្តយ៍ និងគណៈកម្មការនានារបស់ព្រឹទ្ធសភា រ៉ាប់រងរាល់កិច្ចការរដ្ឋបាល សន្តិសុខ និងសេវាទាំងឡាយរបស់ព្រឹទ្ធសភា ព្រមទាំងទំនាក់ទំនងផ្សេងៗក្រៅព្រឹទ្ធសភា ក្រោមការដឹកនាំ និងត្រួតពិនិត្យរបស់ប្រធានព្រឹទ្ធសភា ។
អគ្គលេខាធិការដ្ឋានមានរចនាសម្ព័ន្ធចែកចេញជាប្រាំអគ្គនាយកដ្ឋាន និងមានអគ្គាធិការដ្ឋានមួយ ។
អត្ថបទពាក់ព័ន្ធ ៖
រចនាសម្ព័ន្ធអគ្គលេខាធិការដ្ឋាន