អង្គការលេខ
គណៈកម្មការនានារបស់ព្រឹទ្ធសភា គឺជាយន្តការស្នូលជួយទ្រទ្រង់ដល់ដំណើរការអនុវត្តមុខងាររបស់ព្រឹទ្ធសភា ក្នុងនាមជាកូនព្រឹទ្ធសភា (Mini-sénats) ។
គណៈកម្មការនានារបស់ព្រឹទ្ធសភា មានមុខងារ សំខាន់ៗ ដូចខាងក្រោម :
១. មុខងារនីតិកម្ម
កិច្ចការនីតិកម្មរបស់គណៈកម្មការជំនាញ ស្តែងឡើង តាមរយៈការធ្វើរបាយការណ៍របស់គណៈកម្មការ ឬការផ្តល់យោបល់របស់ខ្លួនទៅលើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង ដែលគណៈកម្មាធិការអចិន្ត្រៃយ៍ប្រគល់ឱ្យ ដើម្បីពិនិត្យសិក្សា និងរាយកាណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងអង្គប្រជុំព្រឹទ្ធសភាពិនិត្យ និងសម្រេច ។
ក្នុងករណីសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង ពាក់ព័ន្ធនឹងសមត្ថកិច្ចគណៈកម្មការច្រើន គណៈកម្មាធិការអចិន្ត្រៃយ៍ សម្រេចបញ្ជូនទៅគណៈកម្មការមួយ ឬច្រើនតាមវិស័យជាសមត្ថកិច្ច និងសម្រេចចាត់តាំងគណៈកម្មការណាមួយឱ្យទទួលបន្ទុកធ្វើរបាយការណ៍ និងនាំយកយោបល់របស់គណៈកម្មការ មកជម្រាបជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងអង្គប្រជុំព្រឹទ្ធសភា ។
គណៈកម្មការជំនាញ មានសិទ្ធិផ្តួតផ្តើមគំនិតធ្វើច្បាប់ ទាក់ទងនឹងវិស័យជំនាញរបស់ខ្លួន មិនចាំតែទទួលយក សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង ដែលគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ឱ្យពិនិត្យសិក្សានោះទេ ។
ប្រធានគណៈកម្មការ កាលបើពិនិត្យសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង ឬសំណើសុំកែសម្រួលរួចហើយ ត្រូវធ្វើលិខិតស្នើសុំមកប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីសុំដាក់បញ្ចូលក្នុងរបៀបវារៈប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ និងអង្គប្រជុំព្រឹទ្ធសភា។
២. មុខងារតាមដានការអនុវត្តច្បាប់
ក្នុងចន្លោះសម័យប្រជុំ សមាជិកព្រឹទ្ធសភា ក៏ដូចជា សមាជិកគណៈកម្មការនានា ត្រូវបំពេញការងារជាប្រក្រតីក្នុងព្រឹទ្ធសភា និងចុះទៅប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីក្នុងភូមិភាគរបស់ខ្លួន ។
គណៈកម្មការនានា ត្រូវមានរបាយការណ៍តាមវិស័យ ជាសមត្ថកិច្ច និងសមាជិកព្រឹទ្ធសភា ត្រូវរាយការណ៍ជា លាយលក្ខណ៍អក្សរពីសកម្មភាពរៀងៗខ្លួន ក្នុងចន្លោះសម័យប្រជុំជូនគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីបូកសរុបរាយការណ៍ជូនសម័យប្រជុំព្រឹទ្ធសភា នាពេលខាងមុខ ។
៣. មុខងារផ្តល់ព័ត៌មាន
គណៈកម្មការ មានបេសកកម្មក្នុងការធានាផ្តល់ព័ត៌មានជូនសមាជិក សមាជិកាព្រឹទ្ធសភា អំពីបញ្ហានានា ដែលស្ថិតក្នុងវិស័យជាសមត្ថកិច្ចរបស់ខ្លួន ។ ក្នុងករណីនេះ គណៈកម្មការអាចធ្វើការសិក្សាទៅលើព័ត៌មានទាំងឡាយ ដែលចុះផ្សាយក្នុងសារព័ត៌មានជាតិ និងអន្តរជាតិ របាយការណ៍ស្តីពី វឌ្ឍនការងាររបស់ក្រសួង ស្ថាប័នជំនាញ ការរៀបចំសិក្ខាសាលា វេទិកាជាសាធារណៈ ការជួបប្រាស្រ័យជាមួយម្ចាស់ ឆ្នោត និងប្រជាពលរដ្ឋនៅក្នុងភូមិភាគ ដើម្បីស្តាប់មតិយោបល់ ឬសំណូមពរ ហើយធ្វើការសិក្សា ពិចារណា និងរាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ និងព្រឹទ្ធសភា ។