ល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានផ្សារភ្ជាប់ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា ដែលដឹកនាំដោយ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ ជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយបានជំរុញឱ្យមាន ការគាំទ្រនិងកិច្ចសហប្រតិបត្តិការស្រាវជ្រាវលើការស្តារសេដ្ឋកិច្ចព្រំដែន ដោយបានលើកឡើងថា ជម្លោះព្រំដែនខ្មែរ-ថៃ មិនទាន់ចប់ តែយើងត្រូវគិតឱ្យហួសពីជម្លោះ ឆ្ពោះទៅការស្តារសេដ្ឋកិច្ចព្រំដែន នាពេលខាងមុខ ដែលស្របតាមចក្ខុវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រែក្លាយតំបន់ព្រំដែនទៅជា «តំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ»។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ឆ្នាំ២០២៦ សេដ្ឋកិច្ចកម្ពុជាចាំបាច់ត្រូវងើបឡើងវិញឱ្យបានលឿនក្រោយពីបញ្ចប់ជម្លោះ ដើម្បីសម្រេចបានគោលដៅក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដោយបានស្នើឱ្យសិក្សាស្រាវជ្រាវលើចំណុចសំខាន់ៗមួយចំនួនដូចជា៖
១. បង្កើនតំបន់សេដ្ឋកិច្ចពិសេស ដោយមានការចូលរួមពីវិនិយោគិន មកពីប្រទេសមហាអំណាច – វាមិនគ្រាន់បង្កើតការងារ និងសកម្មភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ វាក៏ជាឧបករណ៍ការពារព្រំដែនផងដែរ
២. លើកកម្ពស់សុខភាព និងសមត្ថភាពពលរដ្ឋ តាមរយៈការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធរូបវន្តដូចជាផ្លូវ មន្ទីរពេទ្យ សាលារៀន និងបណ្តាញទំនាក់ទំនងជាដើម ដើម្បីឈានទៅលើកកម្ពស់ផលិតភាព និងជីវភាពរបស់ពលរដ្ឋ
៣. បង្កើនផលិតភាពដីកសិកម្ម ដោយជំរុញការប្រើប្រាស់ដី តាមរយៈយន្តការផ្សេងៗ។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន