ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុម ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ឯកឧត្តម សមាជិក សមាជិកាព្រឹទ្ធសភាក្រុមទី៣ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១- សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
២- សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
៣- ផ្សេងៗ
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតប្រធានក្រុម បានគូសបញ្ជាក់ ជូន លោកជំទាវ ឯកឧត្តម សមាជិក សមាជិកាក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣ អំពីសារប្រយោជន៍ នៃសេចក្តីព្រាងច្បាប់ និងសេចក្តីស្នើច្បាប់ទាំងនេះ ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ដូចតទៅ៖
-សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្ត “បោសសម្អាត” ឧក្រិដ្ឋកម្មអនឡាញតាមរយៈ ច្បាប់តឹងរ៉ឹង(ប្រព័ន្ធគតិយុត្តិគ្របដណ្តប់ទូលំទូលាយ) វិធានការក្តៅ និងកិច្ចសហការអន្តរជាតិ ដើម្បីការពារសន្តិសុខសង្គម
-សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នឹងធ្វើឱ្យសមាជិកព្រឹទ្ធសភា មានគណនេយ្យភាពខ្ពស់ នៅចំពោះមុខអង្គបោះឆ្នោត ជាពិសេស ការខិតឱ្យកាន់តែជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាពកាន់តែប្រសើរជាមួយនឹងថ្នាក់មូលដ្ឋាន។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
នារសៀលថ្ងៃពុធ ១៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦៕
ខ្លឹមសារ៖ ការិយាល័យជំនួយការគណៈកម្មការទី៥ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន