នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) និងវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា នៅសាលភក្តីវិក្រម១ វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា ឯកឧត្តម សុខ សំណាង ជំនួយការ សម្តេចតេជោ ប្រធានព្រឹទ្ធសភា សមាជិកខុទ្ទកាល័យអនុប្រធានទី១ព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងសហការីនៃវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា អភិបាលខណ្ឌ ប្រធានក្រុមប្រឹក្សាសង្កាត់ ទូទាំងរាជធានីភ្នំពេញ សរុបជាង១៥០នាក់។
អនុស្សរណៈនៃការយោគយល់គ្នាខាងលើ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ម៉ម ប៊ុន នាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងលោក ឈន ឈុនឡេង ជំនួយការសម្តេចអគ្គមេហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងជាស្ថាបនិក និងជានាយកវិទ្យាស្ថានបញ្ញាឌីជី ថលកម្ពុជា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ម៉ម ប៊ុននាង បានសម្តែងនូវក្តីសោមនស្សរីករាយ ដោយបានទទួល ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីពីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឱ្យចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា ដើម្បីចូលរួមជួយបណ្តុះបណ្តាលផ្តល់ចំណេះដឹង ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជូនកុមារា កុមារី យុវជន យុវនារី និងប្រជាពលរដ្ឋកម្ពុជា ព្រមទាំងក្រុមប្រឹក្សាឃុំ សង្កាត់ ដោយបង្រៀន និងចូលរៀនបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមប្រព័ន្ធនិម្មិត ស្របតាមទិសដៅធំ នៃគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់។
ឯកឧត្តម ម៉ម ប៊ុននាង បានគូសបញ្ជាក់ថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ គណៈកម្មការទី១០ព្រឹទ្ធសភា និងវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា បានឯកភាពប្រគល់ម៉ាស៊ីនកុំព្យូទ័រលើតុ ឬម៉ាស៊ីនកុំព្យូទ័រយួរដៃ០១គ្រឿង ឬលើសពី ០១គ្រឿង ជូនឃុំ សង្កាត់ទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីអនុវត្តភារកិច្ចប្រចាំថ្ងៃ ពិសេសជាប្រយោជន៍ក្នុងការចងក្រងទិន្ន័យប្រជាពលរដ្ឋ ស្ថិតិដែលបម្រើឱ្យការបោះឆ្នោតនាពេលខាងមុខ និងទទួលការចុះបង្រៀនដោយផ្ទាល់របស់វិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា។ ទន្ទឹមនេះ វិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា នឹងផ្តល់អាហារូបករណ៍១០០% សម្រាប់យុវជន យុវនារីចំនួន១០០នាក់ ក្នុងមួយឃុំ សង្កាត់ផងដែរ។
ក្នុងឱកាសនោះ លោក ឈន ឈុនឡេង បានធ្វើបទបង្ហាញអំពីបទពិសោធន៍នៃការបណ្តុះបណ្តាលតាមប្រព័ន្ធបច្ចេកវិទ្យារបស់ក្រុមហ៊ុន E-School Cambodia និងឈានទៅបង្កើតវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា ដែលមកទល់នឹងពេលនេះ មានអ្នកចូលរួមសិក្សាប្រមាណជាង ១លាននាក់ ។
ឯកឧត្ដមប្រធានស្តីទីព្រឹទ្ធសភា បានថ្លែងនូវការកោតសរសើរ និងគាំទ្រចំពោះគណៈកម្មការទី១០ និងវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា ដែលបានចាប់ដៃសហការគ្នា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមត្ថភាព ជីវភាពរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងយុវជន យុវនារី និងកុមារ តាម រយៈការបង្រៀន និងការផ្តល់ឱកាសការងារតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ស្របតាមអាទិភាពគន្លឹះក្នុងយុទ្ធសាស្ត្រចតុកោណបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលរួមមាន ៖ មនុស្ស ផ្លូវ ទឹកភ្លើង និងបច្ចេកវិទ្យា។
ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានលើកទឹកចិត្តដល់ភាគីនៃអនុស្សរណៈនេះ ព្រមទាំងក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តផ្សព្វផ្សាយព័ត៌មានអាហារូបករណ៍ ក៏ដូចជាការចុះឈ្មោះចូលរៀននៅវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា ជាពិសេសយុវជន យុវនារីដែលមានជីវភាពខ្វះខាត ឬគ្មានលទ្ធភាព ឬនៅតំបន់ដាច់ស្រយាល ដើម្បីទទួលបាននូវការសិក្សាដែលមានគុណភាពស្តង់ដាអន្តរជាតិ និងមានភាពងាយស្រួលក្នុងការសិក្សា ពិសេសតម្លៃសិក្សាមានកម្រិតទាប ព្រមទាំងអាចរកចំណូលបានក្នុងពេលកំពុងសិក្សា ហើយក៏អាចមានឱកាសទៅបន្តការសិក្សានៅបរទេសថែមទៀតផង។ ឯកឧត្តមបានគូសបញ្ជាក់យ៉ាងច្បាស់ថា មូលដ្ឋានគ្រឹះនៃប្រជាជាតិមួយដ៏រុងរឿង និងមានការរីកចម្រើនយ៉ាងឆាប់រហ័ស គឺស្ថិតនៅលើភាពសម្បូរបែប និងគុណភាពនៃធនធានមនុស្ស។ ការចុះអនុស្សរណៈនាពេលនេះ គឺជាការរួមគ្នាជាធ្លុងមួយ ដើម្បីលើកកម្ពស់ធនធានមនុស្សដែលជាសសរទ្រូងក្នុងការទ្រទ្រង់អនាគតប្រទេសជាតិឱ្យបានរឹងមាំ និងមានការអភិវឌ្ឍលើគ្រប់វិស័យ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន