នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម-ត្បូងឃ្មុំ) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកម្មវិធីប្រកួតប្រជែងក្នុងន័យពង្រឹងចំណងមិត្តភាព និងការអភិវឌ្ឍសមត្ថភាពរបស់សិស្សានុសិស្ស នៃសាលាហាលីម៉ះ ម៉ាន់ សូត ស្ថិតនៅក្នុងភូមិក្រសាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងក្រុង/ស្រុក អ៊ីមាំស្រុក គណៈកម្មការវិហារ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋជាច្រើនផងដែរ។ស្ថិតនៅក្នុងឱកាសចាប់ផ្តើម ឯកឧត្តមសមាជិកព្រឹទ្ធសភា បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីទាំងមូល។ ទន្ទឹមជាមួយនេះផងដែរ ឯកឧត្តមសមាជិកព្រឹទ្ធសភាបានសម្តែងនូវការអរគុណ និងកោតសរសើរដល់សាលារៀនហាលីម៉ះ ម៉ាន់សូត ដែលបានខិតខំប្រឹងប្រែង និងចូលរួមអភិវឌ្ឍលើវិស័យអប់រំផ្នែកចំណេះដឹងសាសនា ហើយវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពបន្តបន្ទាប់របស់សាលា ហាលីម៉ះ ម៉ាន់ សូត។ឯកឧត្តម បានសម្ដែងនូវក្តីសប្បាយរីករាយដែលបានចុះមកជួបសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្ស និងបងប្អូនសាសនិកអ៉ិស្លាមក្នុងបរិយាកាសស្និទ្ធស្នាលបំផុត។ ក្នុងឱកាសនោះ ឯកឧត្តមបានក្រើនរម្លឹកដល់សិស្សានុសិស្សនូវចំណុចសំខាន់ៗចំនួន២៖១.ការអប់រំជាស្ពាននៃអនាគត៖ ការសិក្សាគឺជាមធ្យោបាយតែមួយគត់ដើម្បីឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។ សិស្សានុសិស្សត្រូវខិតខំក្រេបជញ្ជក់យកចំណេះដឹងទាំងផ្នែកសាសនា និងចំណេះដឹងទូទៅ ដើម្បីក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់គ្រួសារ និងសង្គមជាតិ។២.ការចៀសឆ្ងាយពីអបាយមុខ៖ ឯកឧត្តមបានសង្កត់ធ្ងន់ និងស្នើឱ្យយុវជនទាំងអស់ត្រូវនៅឱ្យឆ្ងាយដាច់ខាតពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ព្រោះវាជាប្រភពនៃមហន្តរាយបំផ្លាញអនាគត និងបង្កអសន្តិសុខដល់សង្គម។ជាកិច្ចបន្ទាប់ ឯកឧត្តម សមាជិកព្រឹទ្ធសភា បានលើកទឹកចិត្តយ៉ាងខ្លាំងដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជាអ្នកដែលអប់រំអំពីសាសនាអ៉ិស្លាមទាំងអស់ ឱ្យបន្តចែករំលែកចំណេះដឹង និងការបង្រៀនអំពីច្បាប់អ៉ិស្លាមឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត និងប្រកាន់និយមកណ្តាលជានិយមកណ្តាលដែលជាប្រយោជន៍រួមដ៏សំខាន់សម្រាប់សង្គមជាតិទាំងមូល។ ការសាមគ្គីភាពរឹងមាំ គឺនាំមកនូវសន្តិភាព។ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកព្រឹទ្ធសភា បានថ្លែងបន្តថានៅប្រទេសណាក៏ដោយ នៅទីណាក៏ដោយ នៅក្នុងសកលលោក យើងត្រូវគោរពច្បាប់របស់រដ្ឋជាមូលដ្ឋាន ហើយបន្ទាប់មកយើងត្រូវគោរពកាតព្វកិច្ចរបស់អ៉ិស្លាមជាគោលដៅរបស់អ្នកកាន់សាសនាអ៉ិស្លាម ហើយលើសពីនេះទៅទៀតយើងត្រូវរួបរួមគ្នាដើម្បីធ្វើយ៉ាងណាឱ្យសហគមន៍អ៉ិស្លាមយើងបានរស់នៅដោយសុខដុមនីយកម្មជានិរន្តរ៍តទៅ មិនមែនក្នុងដំណាក់កាលណាមួយ ឬក្នុងពេលណាមួយនោះទេ។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបានរម្លឹកផងដែរថា ប្រទេសនានាតែងតែកោតសរសើរប្រទេសកម្ពុជារបស់យើង ក្រោមការដឹកនាំដ៏គតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីភាពជោគជ័យ នៃគោលនយោបាយសុខដមនីយកម្មជាតិសាស និងសាសនា ដោយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋទូទៅ ជាពិសេសបងប្អូនខ្មែរអ៉ិស្លាម ព្រមទាំងមិនធ្លាប់មានអំពើហិង្សា និងជម្លោះសាសនានោះទេ។ក្រោយបញ្ចប់កម្មវិធី ក្នុងនាមឯកឧត្តម អ៊ុច បូររិទ្ធ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន បាននាំយកថវិកាឧបត្ថម្ភចំនួន ១,០០០,០០០៛(មួយលានរៀល) សម្រាប់រៀបចំកម្មវិធីផងដែរ៕
ប្រភព៖ ជំនួយការឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន