ទំព័រដើម / អំពីព្រឹទ្ធសភា / អំពីថវិកាស្វយ័តរបស់ព្រឹទ្ធសភា
អំពីថវិកាស្វយ័តរបស់ព្រឹទ្ធសភា
ព្រឹទ្ធសភាមានថវិកាស្វយ័តសម្រាប់ដំណើរការ ។ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ដោយ មានការចូលរួមពីតំណាងគណៈកម្មការនានារបស់ព្រឹទ្ធសភា មានភារកិច្ចពិនិត្យ និងលើកយោបល់ក្នុងគម្រោងថវិកាប្រចាំ ឆ្នាំរបស់ព្រឹទ្ធសភា ដែលរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីសុំការយល់ព្រមពីគណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភាពិនិត្យ សម្រេច ហើយបញ្ជូនសេចក្តីស្នើថវិកានោះ ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់បញ្ចូលទៅក្នុងគម្រោងថវិកាជាតិ តាមការកំណត់ក្នុងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ។
រាល់ចំណាយថវិការបស់ព្រឹទ្ធសភា ត្រូវមានតម្លាភាព និងធានាផ្តល់សេវាប្រកបដោយប្រសិទ្ធភាព និងសមធម៌ជូនព្រឹទ្ធសភា គណៈកម្មការនានារបស់ព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភា ។
បែបបទចំណាយថវិការបស់ព្រឹទ្ធសភា ត្រូវកំណត់ដោយសេចក្តីសម្រេចប្រចាំឆ្នាំ របស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ។
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ទទួលខុសត្រូវធ្វើរបាយការណ៍ចំណាយថវិកាព្រឹទ្ធសភានៅរាល់ ៦ខែម្តង និង ក្នុងរាល់ដំណាច់ឆ្នាំ និងដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភាពិនិត្យសម្រេច ក្រោយពីមានការវាយតម្លៃ និងសេចក្តីសន្និដ្ឋានពីគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ព្រមទាំងមានការចូលរួមពីតំណាងគណៈកម្មការ នានារបស់ព្រឹទ្ធសភាផង លើកលែងតែរបាយការណ៍ទូទាត់ ថវិកាដំណាច់ឆ្នាំ ក្រោយពីគណៈកម្មាធិការអចិន្ត្រៃយ៍ពិនិត្យ សម្រេចហើយ ត្រូវបញ្ជូនទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីរៀបចំបញ្ចូលក្នុងសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ ។