អំពីព្រឹទ្ធសភា
ការរៀបចំបែបបទ និងការប្រព្រឹត្តទៅ នៃការចាត់តាំង និងការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា ព្រមទាំងការកំណត់អំពី អ្នកបោះឆ្នោត អង្គបោះឆ្នោត និងមណ្ឌល បោះឆ្នោត កំណត់ដោយច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា ។
ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា ត្រូវធ្វើឡើង០៦ (ប្រាំមួយ) ឆ្នាំម្តង នៅថ្ងៃអាទិត្យ សប្តាហ៍ទី៨ មុនដំណាច់ឆ្នាំទី៦ នៃនីតិកាលព្រឹទ្ធសភា លើកលែងតែក្នុង ករណីដែលមានចែងក្នុងបទប្បញ្ញត្តិ មាត្រា១០២ថ្មី នៃរដ្ឋធម្មនុញ្ញ ។
កាលបរិច្ឆេទនៃការបោះឆ្នោត ត្រូវកំណត់ និងប្រកាស ដោយនាយករដ្ឋមន្រ្តី តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃ ។ នីតិកាលព្រឹទ្ធសភា ត្រូវផុតកំណត់នៅពេល ព្រឹទ្ធសភា ថ្មីចូលកាន់តំណែង ។ ព្រឹទ្ធសភា មានចំនួនសមាជិកយ៉ាងច្រើន ស្មើនឹងពាក់កណ្ដាលនៃចំនួន សមាជិករដ្ឋសភាទាំង មូល ។
សមាជិកព្រឹទ្ធសភា ចំនួន២(ពីរ)រូប ត្រូវបានចាត់តាំង ដោយព្រះមហាក្សត្រ ។
សមាជិកព្រឹទ្ធសភា ចំនួន២(ពីរ)រូប ត្រូវបានរដ្ឋសភា ជ្រើសតាំងតាមមតិ ភាគច្រើនដោយប្រៀប ។
សមាជិកព្រឹទ្ធសភាឯទៀត ត្រូវជ្រើសតាំងដោយ ការបោះឆ្នោតអសកល មិនចំពោះតាមវិធី ជ្រើសរើសឆ្នោតជាសម្ងាត់។
ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា ត្រូវអនុវត្តតាមប្រព័ន្ធ សមាមាត្រ និងការបែងចែកអាសនៈ តាម មណ្ឌល ត្រូវធ្វើតាមរូបមន្តមធ្យមភាគខ្ពស់បំផុត ដូចមានកំណត់ក្នុង មាត្រា១៣៥ នៃច្បាប់ស្ដីពីការ បោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត ។
មណ្ឌលបោះឆ្នោតរបស់ សមាជិកព្រឹទ្ធសភា មានចំនួន៨ភូមិភាគ។ សមាជិកព្រឹទ្ធសភាក្នុង ព្រឹទ្ធសភា គឺជាតំណាងរបស់ ប្រជាជាតិខ្មែរទាំងមូល ពុំមែនគ្រាន់តែជា តំណាងឲ្យភូមិភាគរបស់ខ្លួន នោះទេ ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានសមត្ថកិច្ចគ្រប់គ្រង ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា ។
ក្រុមប្រឹក្សាធម្មនុញ្ញ មានសមត្ថកិច្ចធានា ការពារការ គោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភា បានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ ។
ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិ ពិនិត្យ និងសម្រេច អំពីករណីវិវាទកម្មទាក់ទងនឹង ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា ។
សេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចបិទផ្លូវតវ៉ា ។ រាយការណ៍ជូនព្រឹទ្ធសភា ឬ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំព្រឹទ្ធសភា ជាបន្ទាន់ ដើម្បីសម្រេច ។
ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទ ប្រកាន់សមាជិកព្រឹទ្ធសភាណាមួយ ត្រូវផ្អាក ប្រសិនបើព្រឹទ្ធសភាបញ្ចេញមតិ ឱ្យផ្អាក តាមមតិភាគច្រើន បីភាគបួន នៃចំនួនសមាជិកព្រឹទ្ធសភា ទាំងមូល ។
ក្នុងនីតិកាលរបស់ព្រឹទ្ធសភា អាសនៈរបស់សមាជិក ព្រឹទ្ធសភា ត្រូវប្រកាសថានៅទំនេរ ក្នុងករណីលាលែង បោះបង់ចោលការងារ មកពី វិសមិតភាព ប្រាសចាក សមាជិកភាព ឬ ទទួលអនិច្ចកម្ម ។ អាសនៈរបស់ សមាជិកព្រឹទ្ធសភា ដែល នៅទំនេរយ៉ាងតិច ៦ខែ មុនចប់នីតិកាល ត្រូវបំពេញជំនួសដោយសមាជិកថ្មី ចេញពីប្រភពដើម ដែលមានអាសនៈ ទំនេរនោះ ដោយមិនចាំបាច់បោះឆ្នោត សារឡើងវិញ ។
មុខងារជា សមាជិកព្រឹទ្ធសភា មានវិសមិតភាពជាមួយមុខងារ សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល សមាជិក ក្រុមប្រឹក្សាធម្មនុញ្ញ និងវិសមិតភាពជាមួយនឹង ការបំពេញមុខងារសាធារណៈជាសកម្ម រួមទាំងការប្រកបការងារ ក្នុងវិជ្ជាជីវៈសេរីផងដែរ ។