អំពីព្រឹទ្ធសភា
តាមបញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ដែលរដ្ឋសភាបានអនុម័តជាលើកដំបូងរួចហើយ ត្រូវបញ្ជូនមកព្រឹទ្ធសភា ដើម្បីពិនិត្យ និងឱ្យយោបល់ ។
ព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង តាមនីតិវិធី ដូចខាងក្រោម ៖
១. ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យ និងសម្រេចលើសំណើរបស់រដ្ឋសភា
• ពិនិត្យលើទម្រង់ និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ដែលរដ្ឋសភាបញ្ជូនមក និងសម្រេចបញ្ជូនទៅគណៈកម្មការណាមួយពិនិត្យសិក្សាទៅតាមវិស័យជាសមត្ថកិច្ច។
• ក្នុងករណីសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួងពាក់ព័ន្ធនឹងសមត្ថកិច្ចគណៈកម្មការច្រើនគណៈកម្មាធិការអចិន្រ្តៃយ៍សម្រេចចាត់តាំងគណៈកម្មការណាមួយ ឱ្យទទួលបន្ទុកធ្វើរបាយការណ៍ ។
២. គណៈកម្មការទទួលបន្ទុកពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់
• ដំណើរការសុំយោបល់ពីគ្រប់សមាជិកព្រឹទ្ធសភា (យោបល់យល់ព្រម កែសម្រួល បដិសេធ ជាអសារបង់ ភ្ជាប់ដោយការកត់សម្គាល់ និង/ឬអនុសាសន៍) ជាលាយលក្ខណ៍អក្សរលើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួងដែលសមាជិកព្រឹទ្ធសភាម្នាក់ៗបានទទួល
• ការផ្តល់យោបល់ពីសមាជិកព្រឹទ្ធសភា ត្រូវធ្វើក្នុងរយៈពេល៣ថ្ងៃយ៉ាងយូរ បើជាការប្រញាប់មកត្រឹមតែ១ថ្ងៃយ៉ាងយូរ មុនគណៈកម្មការប្រជុំ
• សមាជិកព្រឹទ្ធសភាគ្រប់រូប មានភារកិច្ចយក សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង មកពិនិត្យសិក្សាលម្អិតដោយផ្តោតលើខ្លឹមសារទាំងមូលនៃសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង ដែលទាក់ទងនឹងវិមជ្ឈការ និងវិសហមជ្ឈការក្នុងក្របខណ្ឌភូមិភាគរបស់ខ្លួន
• ក្រុមសមាជិកព្រឹទ្ធសភានីមួយៗ កោះប្រជុំដើម្បីកំណត់អំពីជំហររបស់ក្រុម និងចាត់តាំងតំណាងក្រុម ដើម្បីថ្លែងពីជំហររបស់ក្រុមក្នុងសម័យប្រជុំព្រឹទ្ធសភា
• គណៈកម្មការទទួលបន្ទុក ត្រូវប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ម្ចាស់សេចក្តីព្រាងច្បាប់ ឬតំណាងហត្ថលេខី ម្ចាស់សេចក្តីស្នើច្បាប់ ដោយមានការអញ្ជើញតំណាងគណៈកម្មការនានា ឬតំណាងក្រុមសមាជិកព្រឹទ្ធសភា និងអ្នកជំនាញចូលរួម ដើម្បីពិគ្រោះយោបល់ និងរៀបចំរបាយការណ៍ស្តីពីលទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួងរាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ និងសម័យប្រជុំព្រឹទ្ធសភា
• ប្រធានគណៈកម្មការទទួលបន្ទុក កាលបើពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង ឬសំណើសុំកែសម្រួលរួចហើយ ត្រូវធ្វើលិខិតស្នើសុំមកប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីសុំដាក់បញ្ចូលទៅក្នុងរបៀបវារៈនៃអង្គ ប្រជុំព្រឹទ្ធសភា និងនាំយកយោបល់របស់គណៈកម្មការ មកជម្រាបជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងសម័យប្រជុំព្រឹទ្ធសភា ។
៣. ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការនានា សុំដាក់បញ្ជូលក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភា
• ប្រធានគណៈកម្មការទទួលបន្ទុក នាំយកយោបល់របស់គណៈកម្មការ មកជម្រាបជូនគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីពិនិត្យ និងសម្រេច
• អង្គប្រជុំត្រូវសម្រេចថា យល់ព្រម ឬមិនយល់ព្រម ដើម្បីដាក់បញ្ចូលសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួងនោះ ទៅក្នុងរបៀបវារៈនៃសម័យប្រជុំព្រឹទ្ធសភា ។
៤. ប្រជុំព្រឹទ្ធសភា ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង
• កូរ៉ុម ត្រូវតែមានគ្រប់ចំនួននៅពេលបើកការប្រជុំ និងនៅពេលអនុម័ត ។ បើកូរ៉ុមមិនគ្រប់ ក្នុងរយៈពេល៣០នាទី ក្រោយពេលកំណត់ចាប់ផ្តើមការប្រជុំ ប្រធានអង្គប្រជុំត្រូវលើកពេលប្រជុំ
• តំណាងរាជរដ្ឋាភិបាល ម្ចាស់សេចក្តីព្រាងច្បាប់ ឬតំណាងហត្ថលេខីម្ចាស់សេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង ដែលមកការពារ ត្រូវមានវត្តមាននៅក្នុងសាលប្រជុំ តាមការអញ្ជើញរបស់ប្រធានព្រឹទ្ធសភា
• ដំណើរការប្រជុំ ត្រូវធ្វើតាមរបៀបវារៈ ។ មុនចាប់ផ្តើមសម័យប្រជុំ ព្រឹទ្ធសភាត្រូវអនុម័តរបៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំនីមួយៗ
• ការពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង នៅក្នុងអង្គប្រជុំព្រឹទ្ធសភា ផ្តើមឡើងដោយការបង្ហាញរបាយការណ៍របស់គណៈកម្មការទទួលបន្ទុក
• អង្គប្រជុំព្រឹទ្ធសភា ពិនិត្យពិភាក្សាលើសេចក្តី សន្និដ្ឋានរួមរបស់គណៈកម្មការទទួលបន្ទុក។ តំណាងក្រុមសមាជិកព្រឹទ្ធសភានីមួយៗ ដែលប្រធានអង្គប្រជុំបានអនុញ្ញាតឱ្យមានយោបល់ ត្រូវមានយោបល់តែអំពីរឿង ដែលកំពុងតែពិភាក្សាប៉ុណ្ណោះ
• តំណាងរាជរដ្ឋាភិបាល ម្ចាស់សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង ដែលមកការពារ ត្រូវឆ្លើយបំភ្លឺចំពោះយោបល់ របស់សមាជិកព្រឹទ្ធសភា ដែលបានលើកឡើង
• អង្គប្រជុំព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់(យល់ព្រម ដោយឥតកែប្រែ ទទួលយកយោបល់សុំកែសម្រួល ឬទទួលយកយោបល់សុំបដិសេធជាអសារបង់ )
• បន្ទាប់ពីព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់រួចហើយ សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួងនេះ ត្រូវបញ្ជូនទៅរដ្ឋសភាវិញ ។