អំពីព្រឹទ្ធសភា
I- សេចក្តីផ្តើម
ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី២ តាមរយៈកិច្ចប្រជុំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ គណបក្សនយោបាយធំៗទាំងពីរ ដែលទទួលបានអាសនៈ នៅរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ីនប៉ិច នៅថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ក្នុងស្មារតីលើកកម្ពស់ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ពង្រឹងស្ថិរភាពនយោបាយ និងបន្តប្រវត្តិសាស្រ្តព្រឹទ្ធសភា នៅព្រះរាជាណាចក្រកម្ពុជា ដោយបានឯកភាពធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ដើម្បីបង្កើតឱ្យមានព្រឹទ្ធសភាឡើងវិញ ។
ការបង្កើតព្រឹទ្ធសភា គឺជាព្រឹត្តិការណ៍នយោបាយ ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រ ដោយបានបង្ហាញនូវពន្លឺថ្មីមួយ សម្រាប់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការពង្រឹងពង្រីក ស្មារតីបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ស្ថិរភាពនយោបាយ និងការប្តេជ្ញាចិត្តក្នុងការកសាងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ។
អនុលោមតាមច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មរដ្ឋ ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលជាធរមាន នាថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៩៩ ព្រឹទ្ធសភាត្រូវបានបង្កើតឡើង និងបានបើកសម័យប្រជុំលើកទី១ នីតិកាលទី១ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩ ។
១. ព្រឹទ្ធសភានីតិកាលទី១ (១៩៩៩-២០០៦)
ព្រឹទ្ធសភានីតិកាលទី១ កើតឡើងដោយការតែងតាំង សម្រាប់រយៈពេល៥ឆ្នាំ មានសមាជិកចំនួន៦១រូប ក្នុងនោះសមាជិកព្រឹទ្ធសភាចំនួន០២រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ រីឯប្រធាន និងអនុប្រធានទាំងពីររបស់ព្រឹទ្ធសភា ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ តាមសំណើរបស់ប្រធានរដ្ឋសភា ។ ដោយឡែក សមាជិកដទៃទៀត ត្រូវបានជ្រើសរើសចេញពីក្នុងចំណោមសមាជិក សមាជិកា នៃគណបក្សនយោបាយទាំងបី (គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ីនប៉ិច និងគណបក្សសមរង្ស៊ី ) ដែល មានអាសនៈនៅរដ្ឋសភា ហើយត្រូវបានតែងតាំងដោយព្រះមហាក្សត្រ តាមសំណើរបស់ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភាដែលក្នុងនោះមាន ៖
- គណបក្សប្រជាជនកម្ពុជា (CPP) ៣១រូប
- គណបក្សហ៊្វុនស៊ីនប៉ិច (FUN) ២១រូប
- គណបក្សសមរង្ស៊ី (SRP) ០៧រូប ។
ក្នុងចំណោមសមាជិកព្រឹទ្ធសភានីតិកាលទី១សរុបទាំង៦១រូប មានសមាជិកាចំនួន១០រូប ។ ការរៀបចំ ការប្រព្រឹត្តទៅ និងដំណើរការការងាររបស់ព្រឹទ្ធសភា ត្រូវអនុវត្តតាមបទបញ្ជាផ្ទៃក្នុង និងបទដ្ឋានគតិយុត្តនានារបស់ព្រឹទ្ធសភា និងច្បាប់ពាក់ព័ន្ធ ព្រមទាំងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងនីតិកាលទី១ ព្រឹទ្ធសភាដែលកើតឡើងដោយការ តែងតាំង ការបែងចែកអាសនៈនៅក្នុងគណៈកម្មការនានា អនុវត្តដូចរដ្ឋសភានីតិកាលទី២ដែរ គឺយករូបមន្ត ៤+៤+១ មានន័យថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈជាប្រធានគណៈកម្មការចំនួន០៤ (គណៈកម្មការ ទី៣, ៤, ៥, ៦)គណបក្សហ៊្វុនស៊ីនប៉ិច ទទួលបានអាសនៈជាប្រធានគណៈកម្មការចំនួន០៤ (គណៈកម្មការទី១, ២, ៨, ៩) និងគណបក្ស សមរង្ស៊ី ទទួលជាប្រធានគណៈកម្មការចំនួន០១ គឺគណៈកម្មការទី៧ ។ ដោយឡែក អនុប្រធានគណៈកម្មការនានា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន០៥ (គណៈកម្មការទី១, ២, ៧, ៨, ៩) និងគណបក្សហ៊្វុនស៊ីនប៉ិច ទទួលបានអាសនៈចំនួន០៤ (គណៈកម្មការទី៣, ៤, ៥, ៦) ។
ព្រឹទ្ធសភា មានគណៈកម្មាធិការអចិន្រ្តៃយ៍មួយសម្រាប់ដឹកនាំ ចាត់ចែង និងពិនិត្យសម្រេចរាល់ការងារផ្សេងៗ ក្នុងលក្ខខណ្ឌកំណត់នៃបទបញ្ជាផ្ទៃក្នុង ។ ប្រធាន ព្រឹទ្ធសភា ជាប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ អនុប្រធាន ទាំងពីរ និងប្រធានគណៈកម្មការនានារបស់ព្រឹទ្ធសភា ជាសមាជិក ។
ព្រឹទ្ធសភានីតិកាលទី១ មានគណៈកម្មការចំនួន០៩ ជាសេនាធិការក្នុងការអនុវត្តមុខងាររបស់ខ្លួន ដែលត្រូវបានបែងចែកទៅតាមវិស័យជាសមត្ថកិច្ច ដូចខាងក្រោម ៖
១- គណៈកម្មការការពារសិទ្ធិមនុស្ស និងទទួល ពាក្យបណ្តឹង ។
២- គណៈកម្មការហិរញ្ញវត្ថុ និងធនាគារ ។
៣- គណៈកម្មការសេដ្ឋកិច្ច ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន ។
៤- គណៈកម្មការមហាផ្ទៃ ការពារជាតិ អង្កេត និងបោសសម្អាត ។
៥- គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ។
៦- គណៈកម្មការនីតិកម្ម ។
៧- គណៈកម្មការអប់រំ ធម្មការ វប្បធម៌ និងទេសចរណ៍ ។
៨- គណៈកម្មការសុខាភិបាល សង្គមកិច្ច ការងារ និងកិច្ចការនារី ។
៩- គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម ថាមពល និងពាណិជ្ជកម្ម ។
ព្រឹទ្ធសភានីតិកាលទី១ បានបន្តនីតិកាល ចំនួន២ដង(ម្តង១ឆ្នាំ) តាមព្រះរាជក្រឹត្យ ៖
-លើកទី១ : ព្រះរាជក្រឹត្យ នស/រកត/០២០៤/០៣០ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០០៤ (គិតចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០៤ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០៥) ។
-លើកទី២ : ព្រះរាជក្រឹត្យ នស/រកត/១២០៥/០៧០ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០៥ (គិតចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០៥ រហូតដល់ព្រឹទ្ធសភា នីតិកាលទី២ ចូលកាន់តំណែង ) ។
សម្គាល់ :សមាសភាពថ្នាក់ដឹកនាំព្រឹទ្ធសភានីតិកាលទី១ មាន សម្តេច ជា ស៊ីម ជាប្រធាន (CPP) ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស ជាអនុប្រធានទី១ (FUN) និងឯកឧត្តម ញឹក ប៊ុនឆៃ ជាអនុប្រធានទី២ (FUN) ។ មកដល់ខែសីហា ឆ្នាំ២០០៤ ឯកឧត្តម ញឹក ប៊ុនឆៃ បានលាលែងទៅបំពេញការងារក្នុងរាជរដ្ឋាភិបាល ហើយគណបក្សហ៊្វុនស៊ីនប៉ិចបាន ស្នើតែងតាំងឯកឧត្តម ប៉ោ ប៊ុនស្រ៊ឺ ជំនួស ។
ក្នុងនីតិកាលទី១នេះ ព្រឹទ្ធសភាបានផ្ដួចផ្ដើមគំនិតស្នើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែល រដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០០៥ នាសម័យប្រជុំលើកទី២ នីតិកាលទី៣ ហើយព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០៥ នាសម័យប្រជុំលើកទី៩ នីតិកាលទី១ ព្រមទាំងក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ តាមសេចក្ដីសម្រេចលេខ : ០៧០/០០២/ ២០០៥/ កបធ.ច ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០០៥ ។ ច្បាប់នេះ ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រម នស/រកម/០៦០៥/០២០ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៥ ។
អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ចាប់ពីនីតិកាលទី២ និងនីតិកាលបន្តបន្ទាប់ ព្រឹទ្ធសភាកើតឡើងដោយការបោះឆ្នោតជាអសកល ផង ជ្រើសតាំងផង និងចាត់តាំងផង សម្រាប់រយៈពេល៦ឆ្នាំ ។
២. ព្រឹទ្ធសភានីតិកាលទី២ (២០០៦-២០១២)
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាល ទី២ បានប្រព្រឹត្តទៅ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៦ ។
ព្រឹទ្ធសភានីតិកាលទី២ មានសមាជិកចំនួន៦១រូប ក្នុងនោះ៥៧រូប ត្រូវបានបោះឆ្នោតជាអសកល ០២រូបត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និង០២រូបទៀតត្រូវបានជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើនដោយប្រៀប។
ព្រឹទ្ធសភានីតិកាលទី២ បានបើកសម័យប្រជុំដំបូងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៦ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងចំណោមសមាជិកព្រឹទ្ធសភា ៥៧រូប ដែលបានជាប់ឆ្នោត មានសមាសភាពមកពី ៖
១- គណបក្សប្រជាជនកម្ពុជា (CPP)ចំនួន ៤៥រូប
២- គណបក្សហ៊្វុនស៊ីនប៉ិច (FUN) ចំនួន ១០រូប
៣- គណបក្សសមរង្ស៊ី (SRP) ចំនួន ០២រូប ។
ក្នុងចំណោមសមាជិកព្រឹទ្ធសភាសរុបទាំង៦១រូប មានសមាជិកាចំនួន០៩រូប ។
ព្រឹទ្ធសភានីតិកាលទី២ មានគណៈកម្មការចំនួន០៩ ដែលក្នុងនោះ តាមរយៈការបោះឆ្នោតជ្រើសរើស និងជ្រើសតាំង ស្របតាមនីតិវិធីកំណត់ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈជាប្រធានគណៈកម្មការចំនួន០៥ (គណៈកម្មការទី២, ៣, ៤, ៥, ៦) គណបក្សហ៊្វុនស៊ីនប៉ិច ទទួលបានអាសនៈជាប្រធានគណៈកម្មការចំនួន០៣ (គណៈកម្មការទី១, ៨, ៩) និងគណបក្ស សមរង្ស៊ី ទទួលបានអាសនៈជាប្រធានគណៈកម្មការចំនួន០១ គឺគណៈកម្មការទី៧ ។ ដោយឡែក អនុប្រធានគណៈកម្មការ គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន០៤ ( គណៈកម្មការទី១, ៦, ៨, ៩ ) និងគណបក្សហ៊្វុនស៊ីនប៉ិច ទទួលបានអាសនៈចំនួន០៥(គណៈកម្មការទី២, ៣, ៤, ៥, ៧)។
សម្គាល់ :សមាសភាពថ្នាក់ដឹកនាំព្រឹទ្ធសភានីតិកាលទី២ មាន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជាប្រធាន (CPP) សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស ជាអនុប្រធានទី១ (FUN) និងឯកឧត្តម ទេព ងន ជាអនុប្រធានទី២ (CPP) ។
៣. ព្រឹទ្ធសភានីតិកាលទី៣ (២០១២-២០១៨)
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៣ បានប្រព្រឹត្តទៅ នាថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១២ ។ ជាលទ្ធផលក្នុងចំណោមសមាជិក ៥៧រូប ដែលជ្រើស តាំងដោយការបោះឆ្នោតមានសមាសភាពមកពី៖
- គណបក្សប្រជាជនកម្ពុជា(CPP)ចំនួន៤៦រូប
- គណបក្សសមរង្ស៊ី(SRP)ចំនួន១១រូប ។
ក្នុងចំណោមសមាជិកព្រឹទ្ធសភានីតិកាលទី៣សរុបទាំង ៦១រូប មានសមាជិកាចំនួន១០រូប ។
ព្រឹទ្ធសភានីតិកាលទី៣ បានបើកសម័យប្រជុំដំបូង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១២ ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
សម្គាល់ :សមាសភាពថ្នាក់ដឹកនាំព្រឹទ្ធសភា មាន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជាប្រធាន (CPP) ឯកឧត្តម សាយ ឈុំ ជាអនុប្រធានទី១ (CPP) និងឯកឧត្តម ទេព ងន ជាអនុប្រធានទី២ (CPP) ។
ចាប់ពីដំណើរការសម័យប្រជុំដំបូង និងបន្តរហូតមកដល់ពាក់កណ្តាលនីតិកាលទី៣ គណៈកម្មការនានា នៃព្រឹទ្ធសភាមានចំនួន០៩ ហើយសមាសភាពក្នុងគណៈកម្មការ ដែលបានជាប់ឆ្នោតតាមរយៈការបោះឆ្នោតជ្រើសរើស និង ជ្រើសតាំងស្របតាមបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា គឺមកពីគណបក្សប្រជាជនកម្ពុជាទាំងអស់ ទាំងប្រធាន អនុប្រធាន លេខាធិការ និងសមាជិកគណៈកម្មការ ។
ដោយអនុលោមតាមកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា និងក្រុមការងាររបស់ គណបក្សសមរង្ស៊ី បានឯកភាពចុះកិច្ចព្រមព្រៀង ស្តីពីការ រៀបចំឡើងវិញនូវក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ ។
តាមរយៈកិច្ចព្រមព្រៀងខាងលើ ព្រឹទ្ធសភាបានធ្វើវិសោធនកម្មប្រការ១៥នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ។ ប្រការ១៥ថ្មីនៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា គណៈកម្មការនានារបស់ព្រឹទ្ធ សភាមានដូចខាងក្រោម ៖
១- គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត ។
២- គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ។
៣- គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធាន ទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន ។
៤- គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនង ។ រដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ ។
៥- គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន ។
៦- គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ។
៧- គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ។
៨- គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីត យុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី ។
៩- គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរ ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
១០- គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំង អំពើពុករលួយ ។
ទន្ទឹមនឹងនេះ សមាសភាពក្នុងគណៈកម្មការទាំង១០ ត្រូវបានរៀបចំកែសម្រួលបោះឆ្នោតជ្រើសរើស និងជ្រើសតាំងឡើងវិញ ។ សមាជិកព្រឹទ្ធសភាពីគណបក្សសមរង្ស៊ីទាំង១១រូប ត្រូវបានបញ្ចូលទៅក្នុងគណៈកម្មការទាំងអស់ ក្នុងនោះមាន អាសនៈប្រធានគណៈកម្មការចំនួន២ គឺគណៈកម្មការទី១ និងទី១០ អនុប្រធានគណៈកម្មការចំនួន២ គឺគណៈកម្មការទី៣ និងទី៧ លេខាធិការគណៈកម្មការចំនួន២ គឺគណៈកម្មការទី១ និងទី១០ ព្រមទាំងសមាជិក៥រូបទៀតបញ្ចូល១រូបៗ ទៅក្នុងគណៈកម្មការទី១,៣,៧,៨ និងទី១០។
សម្គាល់ :
ព្រឹទ្ធសភានីតិកាលទី៣ មានសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជាប្រធាន ឯកឧត្តម សាយ ឈុំ ជាអនុប្រធានទី១ និងឯកឧត្តម ទេព ងន ជាអនុប្រធានទី២ ។
នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភាបានទទួលមរណភាព ។ ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានព្រឹទ្ធសភា និងឯកឧត្តម នៃ ប៉េណា ជាអនុប្រធានទី១ ព្រឹទ្ធសភានីតិកាលទី៣ ។៤. ព្រឹទ្ធសភានីតិកាលទី៤ (២០១៨-២០២៤)
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់ នីតិកាលទី៤ ប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ។ ជាលទ្ធផលគណបក្សប្រជាជនកម្ពុជា ទទួលបាននូវអាសនៈទាំងអស់ចំនួន៥៨ សម្រាប់៨ភូមិភាគ នៃព្រះរាជាណាចក្រកម្ពុជា ។
សម្រាប់នីតិកាលទី៤ សមាជិកព្រឹទ្ធសភាសរុបមានចំនួន៦២រូប បង្កើន០១អាសនៈ នៅមណ្ឌលភូមិភាគទី៧ (៥៨រូប ជ្រើសតាំងដោយការបោះឆ្នោត ០២រូបចាត់តាំងដោយព្រះមហាក្សត្រ ០២រូបជ្រើសតាំងដោយរដ្ឋសភា តាម មតិភាគច្រើនដោយប្រៀប) ស្របគ្នានឹងរដ្ឋសភាបង្កើន០២អាសនៈនៅមណ្ឌលខេត្តព្រះសីហនុ (រដ្ឋសភានីតិកាលទី៦ មានសមាជិកសរុប ចំនួន១២៥រូប) ។
ព្រឹទ្ធសភានីតិកាលទី៤ បានបើកសម័យប្រជុំដំបូង នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងចំណោមសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ទាំង៦២រូប មានសមាជិកា ចំនួន ១០រូប ។
សម្គាល់ :
សមាសភាពថ្នាក់ដឹកនាំព្រឹទ្ធសភា មានសម្តេចវិបុល សេនាភក្តី សាយ ឈុំ ជាប្រធាន ឯកឧត្តម នៃ ប៉េណា ជា អនុប្រធានទី១ និងឯកឧត្តម ទេព ងន ជាអនុប្រធានទី២ ។
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា បានទទួលមរណភាព ។ ក្នុងសម័យ ប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ស៊ឹម កា ត្រូវបានព្រឹទ្ធសភាធ្វើការបោះឆ្នោតជ្រើសរើសជាអនុប្រធានទី១ព្រឹទ្ធសភា ។
អត្ថបទពាក់ព័ន្ធ ៖
ព្រឹទ្ធសភាពីអតីតកាល