ទំព័រដើម / អំពីព្រឹទ្ធសភា / អំពីការទុកជាប្រញាប់
អំពីការទុកជាការប្រញាប់
        ចំពោះពាក្យថា “ បើជាការប្រញាប់ ” ត្រូវពិនិត្យទៅតាម៤ ករណីគឺ ៖
        ករណីទី១ : ក្នុងអត្ថបទនៃសេចក្តីព្រាងច្បាប់មានមាត្រាណាមួយចែងថា “ច្បាប់នេះ ត្រូវចាត់ទុកជាការប្រញាប់” ។ ការប្រញាប់នេះ គឺសំដៅទៅលើ “ ការប្រញាប់ក្នុងការអនុវត្តច្បាប់ ” ពីព្រោះជាខ្លឹមសារនៃសេចក្តីដែលមានចែងក្នុងច្បាប់តែម្តង ដើម្បីតម្រូវការអនុវត្តឱ្យស្របនឹងមាត្រា៩៣ថ្មី វាក្យខណ្ឌទី១ នៃរដ្ឋធម្មនុញ្ញ ។ ដូច្នេះព្រឹទ្ធសភាមានរយៈពេលធម្មតាសម្រាប់ពិនិត្យ និងឱ្យយោបល់ (មួយខែ) ។
        ករណីទី២ : មានលិខិតផ្លូវការរបស់រាជរដ្ឋាភិបាល ឬ ម្ចាស់អត្ថបទនៃសេចក្តីព្រាងច្បាប់ សុំឱ្យរដ្ឋសភាពិនិត្យសេច ក្តីព្រាង ឬសេចក្តីស្នើច្បាប់នោះជាការប្រញាប់ ។ ក្នុងករណីនេះ រដ្ឋសភាត្រូវសម្រេចពីពាក្យសុំនោះ ។ ក្រោយពីបានអនុម័តយល់ព្រមលើកដំបូងហើយ រដ្ឋសភាបញ្ជូនមកព្រឹទ្ធសភា ដើម្បីពិនិត្យ និងឱ្យយោបល់ដូចមានចែងក្នុងមាត្រា១១៣ថ្មី វាក្យខណ្ឌទី១ នៃរដ្ឋធម្មនុញ្ញ ។ បើគ្មានពាក្យសុំពីរដ្ឋសភាថា ជាការប្រញាប់ទេនោះ ព្រឹទ្ធសភាមានរយៈពេលធម្មតាគឺមួយខែ ។
        ករណីទី៣ : មានការស្នើសុំពីរដ្ឋសភាឱ្យព្រឹទ្ធសភាពិនិត្យជាការប្រញាប់ ។ ព្រឹទ្ធសភាមានសិទ្ធិសម្រេចលើពាក្យ សុំនេះ ។ បើព្រឹទ្ធសភាសម្រេចថា គួរទុកជាការប្រញាប់ នោះព្រឹទ្ធសភាត្រូវអនុវត្តតាមប្រការ៣៧ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធ សភា គឺត្រូវចុះអត្ថបទនៃសេចក្តីព្រាងច្បាប់នេះ ទៅក្នុងរបៀប វារៈពិភាក្សាមុនគេ ហើយត្រូវពិនិត្យ និងឱ្យយោបល់ក្នុងរយៈ ពេលប្រាំថ្ងៃ ។ ប៉ុន្តែបើព្រឹទ្ធសភាយល់ថា មិនគួរទុកជាការប្រញាប់ទេនោះ ព្រឹទ្ធសភាមានរយៈពេលធម្មតាគឺមួយខែ ។
        ករណីទី៤ : រាជរដ្ឋាភិបាល ឬម្ចាស់អត្ថបទនៃសេចក្តីព្រាងច្បាប់ ស្នើសុំឱ្យព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់ជាការប្រញាប់ នោះព្រឹទ្ធសភាត្រូវអនុវត្តនីតិវិធីដូចករណីទី៣ដែរ គឺព្រឹទ្ធសភាមានសិទ្ធិក្នុងការសម្រេចថា គួរយល់ព្រមតាមពាក្យសុំឬទេ? បើយល់ព្រមត្រូវពិនិត្យ និងឱ្យយោបល់ក្នុងរយៈពេលប្រាំថ្ងៃ ហើយបើមិនយល់ព្រម គឺមានរយៈពេលធម្មតាមួយខែដដែល ។