នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ មុំ សណ្តាប់ អនុប្រធាន លោកជំទាវ ឃួន ឃុនឌី លេខាធិការ និងលោកជំទាវ ស៊ី វណ្ណថា សមាជិកានៃក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមវេទិកាជាតិស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គបណ្ឌិត ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោយបាយស្រ្តី នៅសណ្ឌាគាររ៉េស៊ីដង់ សុខាភ្នំពេញ ស្ថិតនៅសង្កាត់ខណ្ឌជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ វេទិកានេះរៀបចំឡើងដោយក្រសួងកិច្ចការនារី សហការរៀបចំ និងគាំទ្រពីក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) មានរយៈពេលមួយថ្ងៃ ដោយការអញ្ជើញចូលរួមពីស្ត្រីជាថ្នាក់ដឹកនាំមកពីស្ថាប័នជាតិ តំណាងរាស្ត្រ ក្រសួង ស្ថាប័ន អង្គទូត អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ រដ្ឋបាលរាជធានីខេត្ត គ្រឹះស្ថានសិក្សា ក្រុមយុវជន និងតំណាងមកពីតំណាងគណបក្សនយោបាយ (១៧គណបក្ស) ដែលបានចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ ដោយផ្ទាល់ចំនួន២០០នាក់ និងចូលរួមតាមប្រព័ន្ធនិម្មិតចំនួន១៧០០នាក់។ វេទិកានេះរៀបចំឡើងក្នុងគោលបំណងដូចខាងក្រោម៖ -ផ្តល់វេទិកាសម្រាប់ស្ត្រី ដែលមានតួនាទីក្នុងការដឹកនាំ និងអ្នកតាក់តែងគោលនយោបាយ ដើម្បីចែករំលែកមេរៀនបទពិសោធន៍ និងទស្សនៈ ក្នុងការរួមចំណែកដល់ការថែរក្សាសុខសន្តិភាពរបស់ជាតិ និងអន្តរជាតិ ព្រមទាំងការអភិវឌ្ឍគ្រប់វិស័យ។ -ប្រមូលធាតុចូល និងទិន្នន័យ អំពីការបង្កើនភាពអង់អាចដល់ស្ត្រី ក្នុងអភិបាលកិច្ចនៅកម្ពុជា សម្រាប់ការតាក់តែងកម្មវិធីនិងវិធានការផ្នែកគោលនយោបាយ។ -បង្កើន និងជំរុញសន្ទុះចិត្តនៃការចូលរួមរបស់ស្ត្រី និងក្មេងស្រី ក្នុងការអភិវឌ្ឍជាតិ ជាពិសេសនៅក្នុងវិស័យសាធារណៈ និងភាពជាអ្នកដឹកនាំ៕ ប្រភព៖នាយកដ្ឋានព័ត៌មាន